កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជាថ្ងៃទីបី នៃពិធីចូលឆ្នាំខ្មែរ ក្នុងពិធីស្រង់ព្រះ និងងូតទឹកជូនចាស់ៗនៅក្នុងសួនច្បារដើមពោធិ៍ ក្រុងកំពង់ឆ្នាំង បានថ្លែងថា ពិធីស្រង់ព្រះ និងងូតទឹកជូនចាស់ៗជាអ្នកមានគុណ គឺជាទំនៀមទម្លាប់របស់ដូនតាខ្មែរពីបុរាណកាលមក ដែលយើងជាកូនចៅ ត្រូវតែថែរក្សាគោរពប្រតិបត្តិជារៀងរហូតតទៅ កុំឲ្យបាត់បង់ ព្រោះការគោរពធ្វើពិធីនេះ ដើម្បីសុំខមាទោសនូវការខុសឆ្គងនូវអំពើផ្សេងៗក្នុងឆ្នាំចាស់ពីព្រះពុទ្ធជាម្ចាស់ និងអ្នកមានគុណរបស់យើង និងសេចក្តីសុខ សេចក្ដីចម្រើនសូមមានដល់កូនចៅ ក្នុងឆ្នាំថ្មីនេះ។ ដោយឡែក នៅក្នុងពិធីនេះ ក៏មានលោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងចាស់ព្រឹទ្ធាចារ្យ និង យាយជី តាជី នៅក្នុងខេត្តផងដែរ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ពិធីស្រង់ព្រះនេះ អាជ្ញាធរខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត តែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ ដោយមានជំនឿពីបុរាណមកថា ការស្រង់ ព្រះបដិមា និងងូតទឹកជូនចាស់ៗ ទទួលបានមកវិញនូវសេចក្ដីសុខចម្រើន និងភាពត្រជាក់ត្រជំ ដល់ខ្លួនយើង និងដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។
ដូច្នេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវតែធ្វើពិធីនេះ ឲ្យបានខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ កុំបោះបង់ចោលឡើយ ដើម្បីថែរក្សាប្រពៃណីនេះឲ្យបានគង់វង្សរហូតទៅសម្រាប់កូនចៅជំនាន់ក្រោយបន្តវេនប្រតិបត្តិតាមយើងជាមាតាបិតា និងជាគ្រូអាចារ្យ ជាគ្រូបាធ្យាយ៕
Source: Kampuchea Thmey Daily
0 Comments