តាកែវ ៖ គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានរយៈពេលបីថ្ងៃ សម្រាប់ខេត្តតាកែវទាំងមូលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២ករណី បណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស០៥នាក់។
លោក សៅ ច័ន្ទសំណាង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តតាកែវថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង០២ករណីនេះ បានបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស០៥នាក់ លើ១៣នាក់ ថយចុះ០៨នាក់ស្មើនឹង៦១,៥៣ភាគរយ ក្នុងនោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិត០១នាក់(ប្រុស) លើ០៤នាក់ ថយចុះ០៣នាក់ ស្មើនឹង៧៥ភាគរយ។ ចំណែករបួសធ្ងន់មានចំនួន០៣នាក់(ប្រុស) លើ០៨នាក់ ថយចុះ០៥នាក់ ស្មើនឹង៦២,៥ភាគរយ។ របួសស្រាល០១នាក់(ប្រុស)។
លោកនាយការិយាល័យបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យខូចខាតមធ្យោបាយសរុប០៤គ្រឿង លើ១២គ្រឿង ថយចុះ០៨គ្រឿង (ម៉ូតូទាំង០៤គ្រឿង) ហើយគ្រោះថ្នាក់ចរាចរណ៍នេះ ជាកត្តារបស់មនុស្សដោយបើកបរយានជំនិះមិនគោរពច្បាប់ចរាចរណ៍និងខ្វះការយោគយល់គ្នាគឺលើសល្បឿនកំណត់មួយករណី វ៉ាជែងខ្វះការប្រុងប្រយ័ត្នមួយករណី។
លោក សៅ ច័ន្ទសំណាង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានៅពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជៀសវាងកើតគ្រោះថ្នាក់ជាយថាហេតុ ហើយហាមដាច់ខាតកុំបើកបរក្នុងស្ថានភាពស្រវឹងដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន៕
Source: Kampuchea Thmey Daily
0 Comments