ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019) រដូវកាលថ្មីឆ្នាំ ២០១៩នេះ និងជាក្រុមជើងឯករងឆ្នាំចាស់កំពុងតែមានបញ្ហាកីឡាករសំខាន់ៗរហូតដល់ទៅ៥នាក់កំពុងជួបបញ្ហារបួស ដែលត្រូវការពេលព្យាបាលឲ្យបានដិតដល់ទើបអាចបង្ហាញខ្លួនលើទីលានប្រកួតវិញបាន។
យោងតាមការបញ្ជាក់ពីក្លិបជើងឯក៣សម័យកាលនេះ បានលើកឡើងថា កីឡាករទាំង៥រូបខាងលើរួមមាន គឹម មករា (អ្នកចាំទី) លី វ៉ាហេទ (ខ្សែការពារ) ពុំ បារាំង (ខ្សែការពារ) ម៉ែន មុន្នីរ៉ា(ខ្សែការពារ) ម៉ាត់ នូរុណ (ខ្សែប្រយុទ្ធ)។ តាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំក្លិប បានឲ្យដឹងពីស្ថានភាពរបួសរបស់កីឡាករទាំង៥រូបក្រោយពីត្រឡប់មកពីធ្វើការព្យាបាល និងតាមដានរបួសនៅប្រទេសវៀតណាមកន្លងមកថា ចំពោះអ្នកចាំទីដៃទី១ គឹម មករា បានឆ្លងកាត់ការវះជង្គង់ ២ខែហើយ មានសភាពល្អអាចធ្វើលំហាត់ប្រាណ សុំករាប់បង្កើនសាច់ដុំភ្លៅមុខក្រោយបានធម្មតាវិញ និងត្រូវពិនិត្យម្តងទៀត នៅខែមិថុនាខាងមុខ។
ចំពោះកីឡាករ ពុំ បារាំង បានបញ្ចប់ការព្យាបាល(ចាក់ថ្នាំ) លើកទី៣ ត្រូវការសម្រាក៣ ទៅ ៥ថ្ងៃ អាចចូលហ្វឹកហាត់វិញបាន។ ចំណែកកីឡាករ ម៉ែន មុន្នីរ៉ា អាចធ្វើចលនាតិចៗ ដើរបានក្រោយការវះកាត់ដោយមិនប្រើឈើច្រត់ ហើយត្រូវពិនិត្យអាការៈឡើងវិញ នៅខែមិថុនា។ សម្រាប់កីឡាករ ម៉ាត់ នូរុណ ជង្គង់មានអាការៈប្រសើរឡើងក្រោយការវះកាត់ និងអាចដើរបានដោយមិនប្រើឈើច្រត់ ប៉ុន្តែត្រូវការពេលសម្រាកច្រើន ព្រោះទើបវះកាត់បាន ១ខែ ខណៈនឹងត្រូវពិនិត្យអាការៈឡើងវិញ នៅខែមិថុនា ខាងមុខដូចគ្នា។ ដោយឡែកកីឡាករ លី វ៉ាហេទ រលាកសរសៃប្រសាទគូទី៧ ( Facial nerve ) នៃផ្ទៃមុខ ត្រូវការសំរាក ១ខែ ដើម្បីព្យាបាលសរសៃមុខឲ្យត្រឡប់មកធម្មតាវិញ ខណៈនៅសល់៣០%ទៀតជាសះស្បើយ។
សូមរំលឹកថា ក្រុមបឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៣លើកផងដែរ ខណៈនៅរដូវកាលឆ្នាំ២០១៨ ថ្មីៗនេះក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងចំណាត់ថ្នាក់លេខ២ Metfone Cambodian League មាន៤៩ពិន្ទុ ក្រោយឈ្នះបាន១៥ លើក ហើយស្មើគ្នាបាន៤ លើកនិង ចាញ់៣ប្រកួត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមបឹងកេត បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោយចាញ់ក្រុមណាហ្គាវើល៕
Source: Kampuchea Thmey Daily
0 Comments