ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០១៨ បានជួបជុំរៀបចំពិធីសូត្រមន្ត ដើម្បីទទួលនៅសិរីសួស្តីអបអរសាទរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងជិតឈានចូលមកដល់នាពេលខាងមុខនេះនៅទីស្ដីការក្រសួង ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី។
អញ្ជើញចូលរួមនៅក្នុងពិធីសូត្រមន្តនោះដែរ រួមមានលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងបុគ្គលិកមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្ត សមាទានសីលចំរើនព្រះបរឹត ប្រគេនទ័យវត្ថុ និងរាប់បាតដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុរសដែលបានចែកឋានទៅកាន់បរលោក។
តាមរយៈការធ្វើបុណ្យទាននេះ នឹងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ព្រះនាម ទុង្សាទេវីដែលនិងយាងចូលមកថែរក្សាគ្រប់គ្រង់ព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ប្រោះព្រំពរជ័យស័ពសាធិការដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ គ្រប់លំដាប់ថ្នាក់ ឲ្យបន្តអនុវត្តការងារ ក៏ដូចជាកិច្ចការងារបម្រើប្រទេសជាតិ ប្រជាពលរដ្ឋទទួលបានជោគជ័យតទៅមុខទៀតតាមការកែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសដើម្បីចូលរួមបម្រើលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀត។ នៅក្នុងពិធីនោះ ក៏មានរៀបចំសំដែងរបាំត្រុត បណ្តេញនូវឧបត្រុបចង្រៃ ឆ្នាំចាស់ និងទទួលអំណរ សិរីសួស្តី វិបុលសុខ គ្រប់ប្រការកើតមានក្នុងឆ្នាំថ្មីផងដែរ។
សូមជំរាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាពិធីបុណ្យជាតិដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំ ដែលពិធីបុណ្យនេះមាន រយៈពេល៣ថ្ងៃ ធ្វើនៅអំឡុងខែចេត្រ រៀងរាល់ឆ្នាំនីមួយៗ។
សម្រាប់ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធនៅថ្ងៃទី ១៤,១៥និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments