ភ្នំពេញ ៖ លោក ជិន គួយហ្វា (Chen Qiufa) លេខាបក្សកុម្មុយនីស្តខេត្តលាវនីង និងជា ប្រតិភូខេត្តលាវនីងនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្មកម្ពុជា-លាវនីង នៅក្រុងព្រះសីហនុ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកម្មន្តសាល និងរឹតចំណងមិត្តភាពជាមួយខេត្តព្រះសីហនុ។
ការថ្លែងរបស់ លោក ជិន គួយហ្វា (Chen Qiufa) ធ្វើឡើងក្នុងជំនួប ជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ នៅក្នុងឱកាសនោះ លោក ជិន គួយហ្វា បានជម្រាបជូន លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់ខេត្តលាវនីង ព្រមទាំងគម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំងសួនឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាចនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន។
ជាមួយគ្នានោះ លោក ជិន គួយហ្វា បានស្នើសុំ លោក រដ្ឋមន្ត្រី ធ្វើការគាំទ្រគម្រោងវិនិយោគខាងលើ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងខេត្តលាវនីង នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ ចំពោះសំណើរបស់ លោក ជិន គួយហ្វា និងបានសន្យាជួយសម្របសម្រួលគម្រោងវិនិយោគរបស់ខេត្តលាវនីង ឲ្យលេចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន ជាពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ឲ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។
លោករដ្ឋមន្ត្រី បានស្នើសុំ លោក ជិន គួយហ្វា និងប្រតិភូ ធ្វើការវិនិយោគសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ ដោយសារតែកម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយភោគផលធម្មជាតិមានដូចជា ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ល។ បន្ថែមលើនេះ លោក រដ្ឋមន្ត្រីក៏បានស្នើលោកលេខាបក្សខេត្តលាវនីង ជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង៕
Source: Kampuchea Thmey Daily
0 Comments