Ad Code

ធុំក្លិន​ភាយៗ​មិន​ស្រួល ​ចេញពី​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​



ភ្នំពេញ ៖ ខណៈ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​មាន​ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជារឿយៗ ថា​នឹង​ធ្វើការ​កំណែទម្រង់​ស៊ីជម្រៅ​​​​​​​​​​​លើ​គ្រប់​វិស័យ តាំងពី​អាណត្តិ​ទី​៥​មក​ ដោយ​មិនមាន​ការយល់​យោគ ឬ​លើកលែង​ដល់​មន្ត្រី​ថ្នាក់​ណា​នោះ​ទេ ឲ្យ​តែ​ប្រព្រឹត្ត​ប្រាសចាក​ច្បាប់​ ឬ​ប្រព្រឹត្ត​អំពើពុករលួយ នឹង​ចាប់​មក​ដាក់​ទោស​ទណ្ឌ មិន​ទុក​ឲ្យ​ក្រុម​មន្ត្រី​ខិលខូច​ទាំងនោះ​រាំង​ខ្ទប់ ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើយ ប៉ុន្តែ​បើទោះបី​យ៉ាង​នេះ​ក្តី​ក៏​មន្ត្រី​មួយ​ក្តាប់​តូច​នៅតែ​ធ្វើ​សកម្មភាព​រាំងខ្ទប់​ដល់​ដំណើរ​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រឆាំងនឹង​ប្រសាសន៍​របស់​ប្រមុខ​ដឹកនាំ​ដដែល។

ជាក់ស្តែង ថ្មីៗ​នេះ​ មាន​មន្ត្រី​ដែល​បម្រើការ​នៅ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល ​បាន​ខ្សឹប​ប្រាប់​ភ្នាក់ងារ​កាសែត​កម្ពុ​ជាថ្មី​ថា សកម្មភាព​ប្រព្រឹត្ត អំពើ​ខុសឆ្គង​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​ប្រកាស​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន គឺ​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ហើយ អ្នក​ដែល​បង្ក​ធ្វើ​ព្យុះភ្លៀង​នោះ ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស់ គឺ លោក​ ជួរ ឈន​ឡេង មានមុខ​ងារ​ជា​អនុប្រធាន មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​តែម្តង និង​ជា​ប្រធាន​ស្ថានីយ​ជញ្ជីង​នៅ​ផ្លូវជាតិ​លេខ​៣​ចំណុច​ភូមិ​កំពង់​ទួល​ស្រុក​កណ្តាលស្ទឹង​ខេត្ត​កណ្តាល ​និង​លោក ម៉ឹង ​យូ​ឡេង​ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល ដែល​អ្នក​ទាំង​២​នាក់​នេះ​១​ខែៗ​កើប​លុយរាប់​ម៉ឺន​ដុល្លារ ហើយ​ការដែល​គេ​ហ៊ាន​ប្រព្រឹត្ត​បែបនេះ​ ព្រោះ​មាន​ភ្លើង​ខៀវ​ពី​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​កំណត់។​

ប្រភព​បាន​បន្តថា នៅពេល​គេ​ទូទាត់​លុយ​ម្តងៗ​ គេ​បាន​ឃុបឃិត​ស៊ីលុយ​ជា​លក្ខណៈ​ប្រព័ន្ធ​តែម្តង ហើយ លោក ជួរ​ ឈន​ឡេង​ នេះ​ បាន​បញ្ចេញ​អំនួត​អួត​ក្អេងក្អាង ជាមួយ​អ្នក​ផឹកស៊ី​រួម​តុ​ខ្លួន​ថា ខ្លួន​ជា​មនុ​ស្ស​មាន​វាសនា​ខ្ពស់ ធ្វើការ​ចំ​កន្លែង​ខ្លាញ់ មិន​ហត់​ទេ ​តែ​រក​ចំណូល​១​ខែៗ​បាន​រាប់​លាន​រៀល ហើយ​សព្វថ្ងៃនេះ ​ខ្លួន​គោរព​កោតខ្លាច​តែ​ លោក ចៅហ្វាយខេត្ត ​និង​ប្រធាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​គាត់​ទាំងពីរ​នាក់​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​ខ្លួន ក្រៅពីនោះ​មិន​ព្រឺរោម ​ឬ​ចាវ​អ្នកណា​ឡើយ ។​

ប្រភព​បាន​រៀបរាប់​បន្តថា ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​កំពង់​ទួល​ផ្លូវជាតិ​លេខ​៣ ​ដែល​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល ដែល​បង្កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ​ គឺ​មិនមែន​ធ្វើ​សកម្មភាព​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ដើម្បី​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្របតាម​អនុ​ក្រឹត​របស់​រាជរដ្ឋាភិបាល​ដែល​កំណត់​ឲ្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​នោះ​ទេ តែ​ជា​ជញ្ជីង​ថ្លឹង​លុយ​ច្រក​បាវ​សម្រាប់​បក្ខពួក​មួយ​ក្តាប់​តូច​ទៅវិញ។

អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាត​រថយន្ត​ធុន​ធំ​បាន​ត្អូញត្អែរ​ថា ស្ថានីយ​ថ្លឹង​រថយន្ត​កំពង់​ទួល​នេះ បាន​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង កៀបសង្កត់​អ្នក​រកស៊ី​ឲ្យ​បង់លុយ​ច្រើនៗ បើទោះបី​រថយន្ត​នោះ​ដឹក​ទំនិញ​មិន​លើស​ទម្ងន់​ដែល​បានកំណត់​ក៏ដោយ ក៏​ក្រុម​កាន់កាប់​ជញ្ជីង​គេ​រក​លេស​តម្រូវ​ឲ្យ​បង់​លុយ​ដែរ​ ព្រោះ​គេ​អះអាងថា ​ថ្លឹង​ខាត ហើយ​ចំណែក​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់ ក៏​មិន​ថ្លឹង​ដែរ​​ ឲ្យតែ​បង់លុយ​ឲ្យ​គេ​ជាការ​ស្រេច។​

មានមតិ​មហាជន​មួយ​ដែល​ដឹង​រឿងនេះ​បានធ្វើការ​រិះគន់​ចំៗ​ទៅលើ លោក ជួរ ឈន​ឡេង និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកទំនិញ​លើស ចំណុះ​ឆ្លង កាត់​ផ្លូវជាតិ​លេខ​៣​យ៉ាង អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​គេ​បែរជា​គាប​សង្កត់​ប្រជាពលរដ្ឋ និង​អាជីវករ ដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម រថយន្ត​ដោយ​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ដោយ​មិនចាំបាច់​ត្រួតពិនិត្យ​អ្វី​ទាំងអស់​។​ ទាក់​ទង់​ករណីនេះ​ លោក​ ជួរ ឈន​ឡេង បាន​និយាយប្រាប់​គេឯង​ថា ចង់​គេ​និយាយ​អី​ក៏​និយាយ​ចុះ​ ស្រេច​តែ​ចិត្ត លោក​បាន​ផាកពិន័យ​លើ​រថយន្ត​ជាង​២០​គ្រឿង​ហើយ និង​ថ្នាក់ដឹកនាំ​បាន​សរសើរ​លោក​ណាស់​។​

អាជីវករ​សំណូមពរ​ចំពោះ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង លោក ស៊ុន​ ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​មេត្តា​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​នោះ​ផង បើ​មិន​ដូច​ច្នេះ​ទេ ច្បាស់​ជា​បាត់​ចំណូល​រដ្ឋ​មួយឆ្នាំៗ​រាប់រយ​លាន​រៀល​មិន​ខាន។​

ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ កម្ពុ​ជាថ្មី​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន ​និង​អនុប្រធាន មន្ទីរ​សាធារណការ​ខេត្តកណ្តាល​ដែរ ​តែ​មិនអាច​ទំនាក់ទំនង​បានទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu