Ad Code

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ដើម្បី​ទទួល​អំណរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី



សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានរៀបចំ​ពិធីសូត្រមន្ត​សុំ​សេចក្តីសុខ​សិរី​សួស្ដី ដល់​មហា​គ្រួសារ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ឱកាស​ដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខនេះ នាទី​ស្នាក់​ការ​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៩។​

លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ព្រមទាំង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជាច្រើន​នាក់ បាន​ចូលរួម​ក្នុង​ពិធី​នេះ​។ លោក​ប្រធាន​សហព័ន្ធ បាន​បញ្ជាក់​ឲ្យ​ដឹងថា នេះ​ជា​ពិធី​សាសនា​មួយ ដែល​សហព័ន្ធ​តែងតែ​ធ្វើជា​រៀងរាល់​ឆ្នាំ ដើម្បី​ទទួល​បាន​នូវ​សិរី​សួស្ដី​ជោគជ័យ​ឆ្នាំ​ថ្មី​។​

​ទោះបី​ក្នុង​ការគិត​ ឬ​ការ​ផ្សង​របស់​មនុស្ស​ម្នាក់ៗ តាមរយៈ​ពិធី​សាសនា​មួយ​នេះ មិន​ដូចគ្នា​ក៏ពិតមែន​តែ​ក្នុង​ឋានៈ​ដែល​លោក​ជា​ប្រធាន​សហព័ន្ធ លោក​សូម​បន់ស្រន់​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​តម្រែតម្រង់​ដល់​មន្ត្រី​បច្ចេកទេស​របស់លោក​ឲ្យ​បំពេញការងារ​ដោយ​យុត្តិធម៌ ប្រកបដោយ​វិជ្ជាជីវៈ។​
​ ​
លោក​ទទួលស្គាល់ថា សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ដែល​រឹងមាំ​មកដល់ពេលនេះ គឺ​ដោយសារ​កម្លាំង​មហា​សាមគ្គី​របស់​សមាជិក​ប្រតិបត្តិ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស កីឡាករ សមាគម និង ក្លិប។

សហព័ន្ធ​បាន​បង្កើត​ឲ្យ​មានការ​ប្រកួត​ជាច្រើន ដើម្បី​ជួយ​ផ្លាស់ប្ដូរ​ជីវភាព​អ្នក​ប្រដាល់ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស។​
​ ​
លោក​បញ្ជាក់ថា មានការ​ប្រកួត​គឺមាន​ការងារ​ធ្វើ ចូលរួម​ការងារ​គឺ​បានទទួល​ការឧបត្ថម្ភ​ទោះបី​ពេល​ខ្លះ រាល់​ការឧបត្ថម្ភ​វា​មិនទាន់បាន​តាម​សេចក្ដីប្រាថ្នា​ក៏ពិតមែន តែ​វា​ក៏​ជួយ​បន្ធូរ​បន្ទុក​ជីវភាព​បាន​ខ្លះៗ​ដែរ។ សូម​ទាំងអស់គ្នា​បន្តធ្វើ​ការងា​រ​ជាមួយគ្នា​ក្រោម​ឆ័​ត្រ​ នៃ​គ្រួសារ​ប្រដាល់​គុន​ខ្មែរ។​

​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​នេះ រៀបចំឡើង​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ជីដូន​ជីតា ឪពុកម្ដាយ និង​ញាតិ​ការ​ទាំង​៧​សន្តាន ព្រមទាំង​អតីត​កីឡាករ កីឡាការិនី ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ សូម​រំដោះ​រួច​ចាក​ផុត​ពី​កម្ម​ពារ វេរា​ទាំងឡាយ និង​បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​ម្យ៉ាងវិញទៀត​ពិធី​នេះ ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះ​សង្ឃ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅពេល​ឆាប់ៗ​ខាងមុខនេះ សូម​ប្រោះព្រំ​ប្រសិទ្ធិ​ពរជ័យ បវរ​សួស្ដី មហា​ប្រសើរ និង​បរមសុខ​គ្រប់​ប្រការ​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ទាំងអស់។​

​ជាមួយនឹង​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​នេះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នៅបាន​រៀបចំ​ពិធី​ជួបជុំ​ពិសា​អាហារ​សាមគ្គី ព្រមទាំង​មានការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​ព្រឹទ្ធាចារ្យ​កីឡា​ផង​ដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu