Ad Code

មន្ត្រី​ពេទ្យសត្វ​ខេត្ត​សៀមរាប រឹតបន្តឹង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ



សៀមរាប ​៖ ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បន្ត​ចុះ​អនុវត្តន៍​វិធានការណ៍​ជីវ​សុវត្ថិភាព​តាម​បណ្ដា​ទីសត្តឃាត​នានា និង​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង​សត្វ​គ្រប់​ប្រភេទ និង​ធានា​បាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស និង​សត្វ ហើយ​ក្នុង​នោះ​ក៏​ដើម្បី​​ទប់ស្កាត់​ជំងឺ​ប៉េស្ត​អាហ្វ្រិក ASF​កំពុង​ឆ្លង​មក​កម្ពុជា​ក្នុង​ខេត្តរតនគិរី​ជាប់​ព្រំ​ប្រទល់នឹង​ប្រទេស​វៀតណាម។

លោក យឿន សែ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ក្រុមការងារ​តែងតែ​ចុះ​អនុវត្តន៍​វិធានការណ៍​ជីវ​សុវត្ថិភាព​តាម​បណ្តា​ទីសត្តឃាត​នានា និង​តាម​ដងផ្លូវ​ក្នុង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ និង​ធានាបាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស និង​សត្វ​។​

យោងតាម​ប្រកា​សលេខ ១៧៣ ប្រក កសក ចុះ​ថ្ងៃ​ទី​០២ មេសា​ឆ្នាំ ២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ មន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ខេត្ត​ចុះ​អនុវត្ត​ការងារ​បច្ចេកទេស​នៅ​តំបន់​ផ្ទុះ​ជំងឺ​។ សម្លាប់សត្វ​ឈឺ សត្វ​ងាប់​ដោយ​ជំងឺ ដុត​កម្ទេច​ចោល​។ ​ហាម​មិន​ឲ្យ​ទិញ លក់ ពិឃាតសត្វ​ឈឺ​។ ហាម​នាំ​សត្វ​ចេញ ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់​២​គីឡូម៉ែត្រ​។ វិធាន​ការបន្ត ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ហាម​នាំ​កាកសំណល់​ផ្ទះបាយ​មក​ធ្វើជា​ចំណី​ជ្រូក ហាម​នាំ​សាច់ជ្រូក​ពី​កន្លែង​ផ្សេង​មក​ហូប​កន្លែង​កសិដ្ឋាន​ជ្រូក​។ ការពារ​សត្វ​ជា​កត្តាចង្រៃ ចេញ ចូល​កសិដ្ឋាន​។ មិន​ឲ្យ​មនុស្ស​ក្រៅ​ចូល ឬ​ទស្សនកិច្ច​សិក្សា​។ យក​ឧបករណ៍ ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ចូលក្នុង​កសិដ្ឋាន។ ហាម​មធ្យោបាយ​ដឹកជញ្ជូន​ចូលក្នុង​កសិដ្ឋាន ហាម​យក​សត្វ​ថ្មី​ចូលក្នុង​កសិដ្ឋាន ហាម​យក​ទឹក​ខាងក្រៅ​/​សាធារណៈ​ប្រើប្រាស់​ក្នុង​កសិដ្ឋាន ហាម​លក់ ឬ​នាំ​សត្វ​ឈឺ​ចេញពី​កសិដ្ឋាន អ្នក​ថែទាំ​ជ្រូក​ចេញ ចូល​កសិដ្ឋាន​ត្រូវ​ឆ្លងកាត់​កន្លែង​សម្លាប់​មេរោគ​។

សេចក្តី​ប្រកាស​ដដែល ក៏បាន​ចាត់វិធានការ​តំបន់​គ្មាន​ជំងឺ បែងចែក​មន្ត្រី​បច្ចេកទេស​ប្រចាំការ​តាម​ស្រុក​គោលដៅ។ ចុះ​ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ពី​វិធាន​ជីវ​សុវត្ថិភាព ចុះ​តាមដាន​សុខភាព​ជ្រូក បើ​សង្ស័យ​យក​វត្ថុ​វិភាគ​ទៅ​មន្ទីរ​ពិសោធន៍ ពង្រឹង​ចរាចរ​សត្វ អោយ​មាន​ច្បាប់​ត្រឹមត្រូវ​ ដាក់​កម្លាំង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ដឹកជញ្ជូន តាម​ដង​ផ្លូវ និង​សត្តឃាតដ្ឋាន ណែនាំ​ដល់​អាជីវករ​មិន​ឲ្យ​ទិញ លក់​សត្វ​សាច់​សត្វ ឈឺ ឬ​ងាប់​ដោយ​ជំងឺ និង​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​ដឹងថា​សត្វ​ឈឺ​ឬ​ងាប់​ដោយ​ជំងឺ​។​ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​។​

ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប លោក ព្រំ វិច បាន​ឲ្យ​ដឹងថា កម្លាំង​ពេទ្យសត្វ​ខេត្តសៀមរាប ជា​រៀងរាល់ថ្ងៃ​តែងតែ​ចុះ​ពិនិត្យ​និង​បាញ់ថ្នាំ​ការពារ​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​។ លោក​បន្តថា ជំងឺប៉េស្ត​អាហ្វ្រិក ASF បង្កដោយ វីរុស មិន​ឆ្លង​មក​មនុស្ស​ទេ​។ ជំងឺ​នេះ​មិនមែនជា​ជំងឺ​ថ្មី​ទេ វា​មាន​ជិត​១០០​ឆ្នាំ​មកហើយ ដំបូង​កើត​នៅលើ​សត្វ​ជ្រូក​នៅ​អាហ្វ្រិក ទៅ​អឺរ៉ុប រុស្សី ចិន វៀតណាម និង​ឆ្លង​មក​កម្ពុជា នៅ​ចុងខែ​មីនាឆ្នាំ​២០១៩​នេះ​នៅ​ឃុំ​សោម​ធ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu