តាកែវ ៖ ស្របពេលដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដោយមាន លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តឲ្យមានភាពធំទូលាយផងនោះ ក៏នៅមានមតិពលរដ្ឋក្នុងក្រុងដូនកែវមួយចំនួន លើកឡើងថា ហេតុអ្វីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពិសេសលើកចំៗលោកអភិបាលខេត្ត ធ្វើការអភិវឌ្ឍន៍ផ្លូវថ្នល់មិនចំតម្រូវការ និងភាពចំបាច់ជាក់ស្ដែងពលរដ្ឋទៅវិញ។
ការលើកឡើងបែបនេះ ស្របពេលដែលផ្លូវកៅស៊ូមួយខ្សែនៅមុខផ្ទះលោកអភិបាលខេត្តឆ្ពោះទៅសួនច្បារមាត់ទន្លេ នៃក្រុងដូនកែវ(ផ្លូវខេត្តលេខ០៣) កំពុងតែធ្វើការស្ថាបនាពង្រីកបន្ថែម ដោយត្រូវគាស់កាយសំណង់ចាស់ៗជារបស់រដ្ឋចោលអស់មួយចំនួនធំ បើគិតជាទឹកប្រាក់ត្រូវខាតបង់ គឺមិនតិចនោះទេ ដែលហេតុផលនេះហើយបានជាធ្វើឲ្យពលរដ្ឋរស់ក្នុងក្រុងដូនកែវ លើកឡើងថា ជាសកម្មភាពចាយលុយជាតិខ្ជះខ្ជាយមិនចំសេចក្តីត្រូវការ និងភាពចាំបាច់របស់ពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបន្ថែមថា ផ្លូវលិចទឹក ផ្លូវខូចខាត និងផ្លូវដែលត្រូវជួសជុលក្នុងទីរួមខេត្តតាកែវមិនតិចខ្សែនោះទេ ដែលជាតម្រូវការចាំបាច់ក្នុងការធ្វើដំណើរ ហេតុអ្វីមិនស្ថាបនា និងជួសជុល បែរជាលើកគម្រោងយកថវិកាជាតិពង្រីកផ្លូវកៅស៊ូដែលល្អស្រាប់ ថែមទាំងមិនជាការចាំបាច់ទៅវិញ។ ហើយអ្វីដែលជាចម្ងល់ផងនោះគឺថា ការពង្រីកផ្លូវនេះ មិនមែនចាក់កៅស៊ូឲ្យស៊ីគ្នា និងផ្លូវកៅស៊ូចាស់នោះទេ គឺពង្រីកដោយការចាក់បេតុងទៅវិញ។
ជាការសំណូមពរពលរដ្ឋក្នុងក្រុងដូនកែវ សូមឲ្យ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលឡើងកាន់តំណែងបានជាងមួយឆ្នាំមកនេះ មេត្តាពិនិត្យ និងពិចារណាឲ្យបានល្អិតល្អន់ផងមុននឹងអនុញ្ញាតទៅមន្ទីរជំនាញលើកគម្រោងជួសជុល ឬសាងសង់សម្បត្តិសាធារណៈក្នុងមូលដ្ឋានខ្លួនដែលត្រូវចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ គឺត្រូវធ្វើយ៉ាងណាឲ្យចំតម្រូវការនិងភាពចាំបាច់ជាក់ស្ដែងរបស់ពលរដ្ឋ មិនមែនលើកគម្រោងដើម្បីបានថវិកាជាតិចាយវាយកេងចំណេញសម្រាប់ក្រុមខ្លួននោះទេ ព្រោះនឹងធ្វើឲ្យពលរដ្ឋអស់ទំនុកចិត្ត៕
Source: Kampuchea Thmey Daily
0 Comments