អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺផល សោភ័ណ្ឌ និង ធន ចាន់តាក់ នឹងត្រូវជួបប្រកួតជាអ្នកប្រដាល់ថៃ នាយប់ថ្ងៃសុក្រទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ជើងខ្លាំងកម្ពុជានោះ គឺផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះយុគផេត ផេតកាសាម (Yokpetch Petchkarsam) ។អ្នកប្រដាល់ថៃនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក។
រវាងអ្នកប្រដាល់ជើងខ្លាំងផល សោភ័ណ្ឌ និង យុគផេត ផេតកាសាម នេះ ជួបគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ផល សោភ័ណ្ឌ ជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ សម្រាប់ពេលបច្ចុប្បន្ននេះ។ សោភ័ណ្ឌ ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើននាក់មកហើយនាពេលកន្លងមក ដែលភាគច្រើនឈ្នះសឹងតែទាំងអស់រាល់ពេលជួបជាមួយថៃនោះ។
សោភ័ណ្ឌ គេមានផ្លែល្អ ពិសេស គឺផ្លែកែង និង កណ្ដាប់ដៃ ហើយ សោភ័ណ្ឌ នៅមានស្នៀតទាត់ល្អខ្លាំង និងធ្ងន់ថែមទៀត។ ឯ បញ្ហាកម្លាំងស៊ុហ្វវិញ សោភ័ណ្ឌ ក៏រឹងមាំមិនងាយស្រុតខ្សោយនោះដែរ ។ ផល សោភ័ណ្ឌ មានប្រវត្តិប្រកួតមិនតិចជាង១០០លើកនោះទេ។ សោភ័ណ្ឌ មានកំណត់ត្រាប្រកួតចំនួន១៤០លើក ក្នុងនោះ សោភ័ណ្ឌ វាយឈ្នះ១២៤លើកហើយ ដោយចាញ់តែ១៤លើក និងស្មើ០២លើក ហើយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់លើរេញចំនួន៤៥លើក។ ប្រកួតជាមួយថៃលើកចុងក្រោយនេះ សោភ័ណ្ឌ វាយឈ្នះកូលាប ដាំ ប្រាន២៦ ដោយពិន្ទុ កាលពីថ្ងៃទី២៣មីនាកន្លងមកនេះ ។
និយាយជារួម សោភ័ណ្ឌ ទាំងបទពិសោធន៍ ទាំងស្នៀតប្រដាល់ ល្បិចកល និង កាយសម្បទា សុទ្ធតែល្អនិងខ្លាំង ដែលអាចទុកចិត្តបានថា អាចយកឈ្នះលើអ្នកប្រដាល់ថៃ យុគផេត ផេតកាសាម បានមិនខាន។
អ្នកប្រដាល់ថៃ យុគផេត នេះ ក៏ជាជើងខ្លាំងម្នាក់នៅស្រុកថៃដែរ ។គេមានស្នៀតប្រដាល់ល្អនិងខ្លាំង ហើយបទពិសោធន៍លើរេញរបស់គេគួរសមដែរ ព្រោះគេមានប្រវត្តិប្រកួតចំនួន ៨០ លើក ឈ្នះ៦៧លើក និង ចាញ់១៣លើក មិនដែលស្មើ ។ អ្នកប្រដាល់ថៃរូបនេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប្រមាណ៣-៤ដងហើយ ក្នុងនោះគេធ្លាប់ប៉ះជាមួយឃុន ឌីម៉ាពីរដង ដោយវាយស្មើពិន្ទុគ្នាម្តង និងចាញ់ឌីម៉ា ក្នុងទឹកទី២ម្តង ឈ្នះចាន់ ស៊ីណាត ក្លិបនិរោធមានជ័យ ហើយចុងក្រោយនេះ គេវាយចាញ់ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ។
ទោះជាយ៉ាងណា ផល សោភ័ណ្ឌ ដែលជួបប្រកួតជាមួយថៃ យុគ ផេត នេះ គេមិនហ៊ានអះអាងមុនថា សោភ័ណ្ឌ ឈ្នះក្នុងការប្រកួតនេះទេ ។ ចាំមើល តើផល សោភ័ណ្ឌឈ្នះឬមួយក៏យុគផេត ផេតកាសាមឈ្នះ សម្រាប់ការជួបគ្នាលើកដំបូងនេះ?។
ធន់ ចាន់តាក់ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ត្រូវគេផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃ កូលាប ដាំ ប្រាន២៦(Kolabdam Phran26 ) ដោយប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គ.ក្រ ។
ចាន់តាក់ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃប្រមាណជាង២០នាក់ទាំងលើកនេះ។ ចាន់តាក់ មានប្រវត្តិប្រកួតចំនួន៧៣លើក ក្នុងនោះវាយឈ្នះ៥៩ ចាញ់១២ លើក មិនដែលស្មើ។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ចាន់តាក់អាចយកឈ្នះកូលាប ដាំ ប្រាន២៦ បានឬក៏អត់នោះទេ ?។ ចាន់តាក់ គេប្រកួតជាមួយថៃលើកចុងក្រោយនេះ(០៥មេសា២០១៩) វាយចាញ់ចេន វ៉ាត (Janwath)ក្នុងទឹកទី៣។
កូលាប ដាំ ប្រាន២៦ គេធ្លាប់មកស្រុកខ្មែរច្រើនលើកហើយកន្លងមក ដែលក្នុងនោះគេធ្លាប់ ប៉ះប្រកួតជាមួយធន ចាន់តាក់ម្តង(១០ធ្នូ២០១៧) ដោយឈ្នះពិន្ទុចាន់តាក់។ អ្នកប្រដាល់ថៃនេះ កាលពីបីឆ្នាំមុន គេធ្លាប់ផ្តួលអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាបីរូប ដែលមកលើកទី១ គេបានវាយឈ្នះផាន់ គ្រាន់ ដោយពិន្ទុ(២៤មេសា២០១៦) លើកទី២ បានវាយឈ្នះសេក គឹមរួន អ្នកប្រដាល់ក្លិបអង្គរមានជ័យដោយពិន្ទុ(២៤កក្កដា២០១៦ ) លើកទី៣ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ គេបានវាយឈ្នះសូត្រ ប៊ុនធី ជើងខ្លាំងក្លិបបក្សីស្លាបដែកដោយពិន្ទុ ហើយលើកទី៤ថ្មីៗកន្លងទៅនេះ គេបានវាយឈ្នះសេង ស្រឿន ក្លិបមហិទ្ធរិទ្ធមាសរថ្ងកខេត្តស្វាយរៀងក្នុងទឹកទី៤ ឈ្នះ ចាន់ ប៊ុនលាភ ក្លិបនិរោធមានជ័យដោយពិន្ទុ និងចុងក្រោយនេះ(២៣មីនា២០១៩) គេវាយចាញ់ផល សោភ័ណ្ឌ ដោយពិន្ទុ។
អ្នកប្រដាល់ថៃរូបនេះ មានកំនត់ត្រាប្រកួតចំនួន៩៥លើក ឈ្នះ៧៨លើក ចាញ់១៥លើក និង ស្មើ០២លើក។ ទោះជាយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ មិនប្រាកដថា ចាញ់ធន ចាន់តាក់ នោះឡើយ ព្រោះថា កូលាបដាំ នេះ គេរឹងមាំទាំងកាយសម្បទា ខ្លាំងទាំងស្នៀតប្រដាល់ ហើយវាយមិនងាយអស់ស៊ុហ្វនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments