សៀមរាប ៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង គ.ស ២០១៩ ( សៀមរាប-សង្ក្រាន្ត ) ត្រូវបានរៀបចំប្រារព្ធឡើង បន្ទាប់ពីមហាព្រឹត្តិការណ៍អង្គរ-សង្ក្រាន្ត ត្រូវបានរៀបចំប្រារព្ធឡើងអស់រយៈពេល៦ឆ្នាំជាប់ៗគ្នាកន្លងមក។
អង្គរ-សង្ក្រាន្ត ព្រឹត្តិការណ៍នៃការជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បាននាំមកនូវបទពិសោធន៍ជាច្រើន ដែលត្រូវបានយកមកដាក់បញ្ចូលក្នុងការរៀបចំព្រឹត្តិការណ៍ សៀមរាប-សង្ក្រាន្ត ឆ្ពោះទៅរកនៃការបើកទំព័រថ្មីមួយទៀត បន្តរក្សាជំនឿប្រពៃណី នៃ ដំណើរកាត់ផ្តាច់ឆ្នាំចាស់ ទទួលសិរីសួស្តី ជ័យមង្គលសម្រាប់ឆ្នាំថ្មី។
សៀមរាប-សង្ក្រាន្ត ត្រូវបានរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមកិច្ចសហការជាមួយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង បណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ពិសេសនោះគឺកម្លាំងសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលក្នុងនោះក៏មានការចូលរួមដោយកងកម្លាំងស្ម័គ្រចិត្ត ប្រជាការពារភូមិ ផងដែរ។
ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ត្រូវបានរៀបចំកណ្តាលបេះដូងនៃក្រុងសៀមរាប-អង្គរ ជិតព្រះវិហារព្រះអង្គចេកព្រះអង្គចម និងនៅសួនច្បារព្រះរាជដំណាក់ ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត។ រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍ សៀមរាប-សង្ក្រាន្ត បានប្រាកដឡើងនូវកម្មវិធីសំខាន់ៗជាច្រើន រួមមានកម្មវិធីសាសនា និងកម្មវិធីសម្តែងរបាំប្រពៃណី របាំនិងល្បែងកម្សាន្តប្រជាប្រិយជាច្រើនប្រភេទ សម្រាប់ស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមកម្សាន្ត។
លោក ប្រាក់ សោភ័ណ្ឌ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ប្រធានដឹកនាំកិច្ចសហការរៀបចំព្រឹត្តិការណ៍ សៀមរាប-សង្ក្រាន្ត បានឲ្យដឹងថា សៀមរាប-សង្ក្រាន្ត គឺជាការជួបជុំមហាជន យុវជន មហាគ្រួសារខ្មែរ និង ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែម អំពីភាពរុងរឿងល្បីល្បាញ សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សា កេរមរតកទាំងនេះឲ្យបានគង់វង្ស បំផុសគំនិតរួបរួមកម្លាំងមហាសាមគ្គី និង បណ្តុះស្មារតីអភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្សវប្បធម៌ប្រពៃណី និង អត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ព្រមទាំងជាការផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផលវត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ ដោយទៅលើការបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ ។
ព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បន្តវេនពីមហាព្រឹត្តិការណ៍អង្គរ-សង្ក្រាន្ត គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក តាមរយៈនៃការចូលរួមពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។
កម្មវិធីនៅភូមិអាហារនៃក្តីស្រលាញ់ បាននាំយកអាហារ និង បង្អែមប្រចាំតំបន់សៀមរាបជាច្រើនប្រភេទមកបង្ហាញ និង ឲ្យអ្នកចូលរួមបានស្គាល់និងភ្លក់រសជាតិនៃអាហារខ្មែរ។ នៅក្នុងតំបន់ តោះតោះ លេងទឹក មានការទាក់ទាញស្រទាប់យុវជនយ៉ាងច្រើនកុះករឲ្យចូលរួមកម្សាន្តរួមទាំងភ្ញៀវទេសចរបរទេសផងដែរ។ ការរៀបចំឲ្យមានតំបន់ តោះ តោះ ទៅលេងទឹក ក្រុមការងារ បានគិតគូរយ៉ាងហ្មត់ ចត់ ក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការលេងទឹកនៅតាមដងផ្លូវ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
កម្មវិធីភូមិខ្ញុំ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់ភាពសប្បាយរីករាយក្នុងព្រឹត្តិការសៀមរាបសង្ក្រាន្ត ដែលទទួលបន្ទុកសហការរៀបចំឡើងអាជ្ញាធរជាតិអប្សរា។ ការរៀបចំកម្មវិធី “ភូមិខ្ញុំ” គឺស្ថិតក្នុងគោលបំណង ផ្តល់ឱកាសឲ្យភ្ញៀវជាតិ-អន្តរជាតិ ចូលរួមជួបជុំជា មួយគ្នាក្នុងន័យមហាគ្រួសារ ដើម្បីកម្សាន្តសប្បាយៗ និង ជាប្រពៃណីក្នុងការបណ្តុះស្មារតីស្រឡាញ់រាប់អានគ្នា រួបរួមសាមគ្គីគ្នាតាមរយៈនៃការលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅតាមជនបទ។
ឯកឧត្តម សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា ៖ “ភូមិខ្ញុំ” មានរៀបចំទស្សនីយភាពសំខាន់ៗដូចជា ផ្ទះអ្នកភូមិដែលបង្ហាញពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរដែលមានដំណាំដាំដុះជុំវិញគេហដ្ឋាន ព្រមទាំងសកម្ម ភាពទុកដាក់សមិទ្ធផលស្រែចំការ ស្ថាបត្យកម្មនៃសំណង់ផ្ទះខ្មែរ រួមទាំងវប្បធម៌ប្រពៃណីរបស់អ្នកភូមិតាមរយៈល្បែងប្រជាប្រិយ និងរបាំផ្សេងៗ។ រោងតម្បាញនិងរោងចម្លាក់ ដែលបង្ហាញនូវរបៀបធ្វើសូត្រ តម្បាញសូត្រខ្មែរ រោងជាងចម្លាក់ ដែលមានចម្លាក់ថ្ម ចម្លាក់ថ្មកែវ ចម្លាក់ឈើ ចម្លាក់ប្រាក់ និងស្ពាន់ និងផ្ទះសេដ្ឋី អមដោយឆាកសម្តែងដែលមានការរចនាតុបតែងលម្អយ៉ាងមានភាពទាក់ទាញ។ កម្មវិធីសំខាន់ៗដែលក្រុមការងារបានត្រៀមមានដូចជា តន្ត្រីស្គរដៃអ្នកភូមិ របាំឆៃយ៉ាំ ,របាំអប្សរា , របាំជូនពរ , របាំគោះត្រឡោក របាំត្រុដិ តន្ត្រីសម័យ និងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទទៀត៕
Source: Kampuchea Thmey Daily
0 Comments