សៀមរាប ៖ លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប បានថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍បន្ទាយស្រីសង្ក្រាន្តកាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះថា ឆ្នាំនេះរដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយក្រុមយុវជន បានរៀបចំបន្ទាយស្រីសង្ក្រាន្ត ក្នុងគោលបំណង ជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីសាសនា និងបន្តថែរក្សា កេរមរតកនេះឱ្យបានគង់វង្ស។ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាព ខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។ ផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។
លោកបានបន្តថា នៅក្នុងរយៈពេល៣ថ្ងៃនៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមានកម្មវិធីជាច្រើនដូចជា កម្មវិធីសាសនា កម្មវិធីល្បែងប្រជាប្រិយ កម្មវិធីសួនស្នេហ៍បន្ទាយស្រី ដែលក្រុមការងារបានយកត្រសក់ផ្អែមប្រមាណ៦០០ផ្លែមកតុបតែងបង្ហាញពីភាពសម្បូរបែបផ្នែកកសិកម្មនៅក្នុងស្រុកបន្ទាយស្រី កម្មវិធីគង្គាបន្ទាយស្រី ការបង្ហាញស្ករផែនយក្ស ដែលមានទម្ងន់១តោន ១៩គីឡូក្រាម ដើម្បីលើកស្ទួយផលិតផលស្ករត្នោត បង្ហាញដល់សាធារណជន និងភ្ញៀវជាតិ អន្តរជាតិ នៅស្រុកបន្ទាយស្រី ហើយស្ករផែននេះមានរសជាតិ ឈ្ងុយឆ្ងាញ់ មិនមានជាតិគីមី គឺធម្មជាតិសុទ្ធសាធ។
លោក ណុប វុធ្ធី បានបញ្ជាក់ថា នៅក្នុងរយៈពេល៣ថ្ងៃនៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២ម៉ឺននាក់បានមកចូលរួមកម្សាន្តសប្បាយរីករាយ។ លោកបន្តថា បន្ទាប់ពីបន្ទាយស្រីសង្ក្រាន្តឆ្នាំនេះ ទទួលបានជោគជ័យឆ្នាំក្រោយ រដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយក្រុមយុវជន នឹងរៀបចំបន្ទាយស្រីសង្ក្រាន្តបន្តទៀត ដោយមានគម្រោងធ្វើនំបញ្ចុកយក្ស បង្ហាញដល់ភ្ញៀវទេសចរ ព្រោះនំបញ្ចុកជា នំប្រចាំតំបន់ព្រះដាក់ស្រុកបន្ទាយស្រី និងជួយលើកអាហារប្រចាំតំបន់មួយនេះឱ្យកាន់តែមានភាពល្បីល្បាញ ជាមួយគ្នា ក៏នឹងមានកម្មវិធីប្លែកៗជាច្រើនទៀត ដែលនឹងត្រូវបង្ហាញនៅក្នុងបន្ទាយស្រីសង្ក្រាន្តនៅឆ្នាំក្រោយ៕
Source: Kampuchea Thmey Daily
0 Comments