សៀមរាប ៖ លំនៅដ្ឋានមួយខ្នង មានពីរគ្រួសាររស់នៅ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បើទោះបីជាកម្លាំងសមត្ថកិច្ចខិតខំជួយអន្តរាគមន៍យ៉ាងណាក្តី។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកស តារា មេភូមិតាវៀន បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលអគ្គិភ័យឆាបឆេះនេះ មានពលរដ្ឋចំនួនពីរគ្រួសាររស់នៅ គ្រួសារទី១ ៖ មានមេគ្រួសារឈ្មោះ រ៉េត ណុយ ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ណុក ណៃ អាយុ៣០ឆ្នាំ។ គ្រួសារទី២មានមេគ្រួសារឈ្មោះឆម វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះឡាន់ ស្រីឡុង អាយុ២៩ឆ្នាំ។ លោកមេភូមិបន្តថា គ្រោះអគ្គិភ័យនេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ ប៉ុន្តែទ្រព្យសម្បត្តិដែលត្រូវឆេះបាត់បង់ទាំងពីរគ្រួសារអស់ប្រាក់ចំនួន៨០០០ដុល្លារ មាសចំនួន១២ជីនិងប្រាក់ខ្មែរមួយចំនួនទៀត។
លោកស តារា បានបន្តថា តាមការសាកសួរ អគ្គិភ័យនេះផ្តើមចេញពីឆ្លងចរន្តអគ្គិសនីខ្សែទូទឹកកក៕
Source: Kampuchea Thmey Daily
0 Comments