ប្រដាល់ ៖ លី រិទ្ធី អ្នកប្រដាល់មកពីក្លិបមីស្ទ័រលីគុនខ្មែរខេត្តសៀមរាប និងអ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។
លី រិទ្ធី ដែលជាអ្នកប្រដាល់ចំណូលថ្មី គេនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ តាគួនសិង្ហា ថ.ចតុថេន ( Takunsingha Thor.Jatutan) ដោយប្រកួតក្នុងទម្ងន់៧៥គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ដែលមកកម្ពុជាច្រើនលើកហើយកន្លងមក។ តែសម្រាប់លី រិទ្ធី អ្នកប្រដាល់កម្ពុជាយើងជាលើកទី១ប៉ុណ្ណោះ ដែលមកប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យនេះ។
រិទ្ធី ជាជើងខ្លាំងស្រករក្រោយម្នាក់នៅកម្ពុជា។ គេមានកណ្ដាប់ដៃ និងជង្គង់ល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ តែអ្នកប្រដាល់រូបនេះ វាយរាងឆាប់អស់កម្លាំងស៊ុហ្វ តែស៊ូចំពោះការប្រកួត។ នេះបើតាមអ្នកផ្គូផ្គងឲ្យដឹង។ គេជាអ្នកប្រដាល់ដែលមានចិត្តធំ វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណា លី រិទ្ធី មិនអាចមើលស្រាល តាគួនសិង្ហា បានទេ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេក៏មានផ្លែល្អ និងកលល្បិចខ្ពស់ផងដែរ។
តាគួនសិង្ហា ថ.ចតុថេន ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ។ បើតាមដំណឹងថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន៧៤លើក ឈ្នះ៦២លើក ចាញ់១១លើក និងស្មើ០១លើក។ ចាំមើល លី រិទ្ធី តើគេអាចយកឈ្នះតាគួនសិង្ហា បានឬអត់?។
ចំពោះ អ៊ូច ធារិទ្ធ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ហ្វាម៉ៃ ស៊ីត យ៉តស្យ៉ាម ( Famai Siote Yodsiam ) ដោយជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដោយអ៊ូច ធារិទ្ធ ឈ្នះហ្វាម៉ៃ ដោយពិន្ទុ។ ដូច្នេះការជួបគ្នាលើកនេះ ជាការជួបសងសឹករបស់ហ្វាម៉ៃ តែមិនដឹងថា ហ្វាម៉ៃ អាចសងសឹក អ៊ូច ធារិទ្ធ បានសម្រេចឬអត់នោះឡើយ?។
អ៊ូច ធារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃ១៦លើក និងឡាវ១លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី១៧ ដែលគេជួបប្រកួតជាមួយថៃនោះ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយមុនថ្ងៃចូលឆ្នាំនោះ (១៣មេសា២០១៩) គេបានផ្ដួលយកឈ្នះអ្នកប្រដាល់ថៃ ផេតវីមុត (Petchvimutti) ក្នុងទឹកទី១ប៉ុណ្ណោះ។
ធារិទ្ធ មានប្រវត្តិប្រកួតប្រមាណជា៦៦លើក ក្នុងនោះវាយឈ្នះ៤៧លើក ចាញ់១៤លើក និងស្មើ០៥លើក។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ធារិទ្ធ អាចយកឈ្នះហ្វាម៉ៃ បានទៀតដែរឬក៏អត់នោះទេ?។
ហ្វាម៉ៃ គេក៏ជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្ដាប់ដៃល្អ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧០លើក ឈ្នះ៥៨លើក ចាញ់១១លើក និង ស្មើ០១លើក។ ចាំមើល រវាង អ៊ូច ធារិទ្ធ និង ហ្វាម៉ៃ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នាលើកទី២នេះ?។
ដោយឡែក សម្រាប់ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥កងទ័ពជើងគោក ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ជន សាវុធ អ្នកប្រដាល់ក្លិបកងពលដឹកជញ្ជូនលេខ៩០ ដោយជួបគ្នាក្នុងទម្ងន់៥៤ គីឡូក្រាម។
រវាង ឯម សុធី និង នីម នន នេះ ពួកគេទាំងពីរធ្លាប់ជួបគ្នាម្តងហើយកន្លងមក ដែលក្នុងការជួបគ្នា(០៩មីនា២០១៩)នោះ ជុន សាវុធ ចាញ់ ម៉ន វ៉ាន្នី ដោយពិន្ទុ ។ ចាំមើល តើជុន សាវុធ អាចសងសឹកយកឈ្នះម៉ន វ៉ាន្នី បានវិញឬអត់? ក្នុងការជួបប្រកួតលើកនេះ៕
Source: Kampuchea Thmey Daily
0 Comments