ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ ទទួលក្រុមព្រះខ័នរាជស្វាយរៀង ហើយក្រុមអង្គរថាយហ្គឺរ ប៉ះក្រុមបឹងកេតអែហ្វស៊ី ខណៈក្រុមជើងឯកឆ្នាំចាស់ណាហ្គាវើល ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) និងក្រុមភ្នំពេញក្រោន ស្វាគមន៍ក្រុមវិសាខា នៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៩ ប្រចាំសប្ដាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2019)។
*ក្រុមគីរីវង់សុខសែនជ័យ ទទួលព្រះខ័នរាជស្វាយរៀង
ក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ត្រូវបើកទ្វារទីលានកីឡដ្ឋានគរុកោសល្យភូមិភាគតាកែវ ក្នុងក្រុងដូនកែវ ទទួលស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣និង៣០នាទីរសៀល ព្រោះកីឡដ្ឋានគីរីវង់សុខសែនជ័យរបស់ខ្លួនជាប់រៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ប្រកួតនេះដែរមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ផេក Metfone Cambodian League ផងដែរ។ ក្រុមគីរីវង់សុខសែនជ័យ ដឹកនាំដោយលោក Ekapob Potisai គ្រូបង្វឹកជនជាតិថៃ កំពុងតែឈរចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្នក្រោយប្រកួតឈ្នះយុវជនបាទី៤ទល់១ និងចាញ់វិសាខា ២ទល់០ មាន៤ពិន្ទុក្នុងដៃ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង វិញកំពុងតែឈរកំពូលតារាងមាន៦ពិន្ទុច្រើនជាងគេ។ ក្រុមដែលដឹកនាំដោយលោកConor Nestor គ្រូបង្វឹកក្រុមមកពីខេត្តស្វាយរៀង នេះដឹកនាំកូនក្រុមយកឈ្នះលើក្រុមប៉ូលីស ២ទល់០ និងបន្តឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១ទល់០។
*អង្គរថាយហ្គឺរ ប៉ះបឹងកេត
ក្រុមបាល់ទាត់ម្ចាស់ផ្ទះអង្គរថាយហ្គឺរត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាប របស់ខ្លួនទទួលក្រុមបឹងកេតអែហ្វស៊ី នៅវេលាម៉ោង៣និង៣០នាទីរសៀល ហើយប្រកួតនេះមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ CNCC ផងដែរ។ ក្រុមអង្គរថាយហ្គឺរ កំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញ Oriol Mahedano ហើយកាលពីប្រកួតបើកឆាកក្រុមនេះបានប្រកួតស្មើជាមួយក្រុមក្រសួងការពារជាតិ ១ទល់១ តែយកឈ្នះក្រុមខេត្តកំពង់ចាម រហូតដល់១១ទល់០។ ចំពោះក្រុមបឹងកេតអែហ្វស៊ី វិញនៅតែជាបេក្ខភាពមួយមិនអាចមើលរំលងបានក្នុងការប្រជែងយកជើងឯកនៅរដូវកាលឆ្នាំ២០១៩ នេះស្របពេលដែលក្រុមរបស់លោក ហៅ សុជាតិ មាន៣ពិន្ទុក្នុងដៃរួចទៅហើយក្រោយយកឈ្នះលើក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន ៣ទល់២ កាលពីប្រកួតបើកឆាកតែចាញ់ក្រុមអគ្គីសនីកម្ពុជា ១ទល់០ វិញ។
*ណាហ្គាវើល ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រុមជើងឯកឆ្នាំចាស់ដែលខ្ចីកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ធ្វើជាទីលានប្រកួតត្រូវទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាច ព្រមទាំងមានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់សារព័ត៌មានកម្ពុជាថ្មី ផងដែរ។ ក្រុមណាហ្គាវើល របស់លោក មាស ចាន់ណា នៅមិនទាន់រៀបចំក្រុមបានល្អនៅឡើយនោះទេ បើសង្កេតតាមលទ្ធផលកន្លងមក ព្រោះក្រុមនេះមានបេសកកម្មប្រកួតទាំងក្នុងស្រុកនិងលើឆាកអន្តរជាតិ ពោលគឺប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2019 តំណាងឲ្យក្រុមទៅពីកម្ពុជា។ ចំពោះក្រុមប៉ូលិស វិញដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ក្រុមនេះមានការរៀបចំក្រុមបានល្អច្រើន ទាំងការបន្ថែមកីឡាករបរទេសដែលមានកម្រិតខ្ពស់និងមានបទពិសោធន៍ល្អផងដែរ តែកាលពីប្រកួតបើកឆាកចាញ់ក្រុមព្រះខ័នរាជស្វាយរៀង និងយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣ទល់២ វិញ។
*ភ្នំពេញក្រោន ទទួលវិសាខា
ក្រុមភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន Smart RSN Stadium របស់ខ្លួនទទួលវិសាខា នៅវេលាម៉ោង៦ល្ងាចព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយលោក Leonardo Victorino វិញបានបរាជ័យកាលពីថ្ងៃប្រកួតបើកឆាកគឺចាញ់ក្រុមបឹងកេត ៣ទល់២ តែយកឈ្នះលើយុវជនបាទីវិញ២ទល់០។ ជ័យជម្នះក្នុងប្រកួតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ភ្នំពេញក្រោន ក្នុងការប្រជែងយកកៅអីកំពូលតារាងក៏ដូចជាផ្គាប់ចិត្តអ្នកគាំទ្រក្នុងទឹកដី។ ចំណែកលោក ហុក សុជីវ័ន្ត ដែលជាគ្រូបង្វឹកក្រុមវិសាខាវិញ បានផ្លាស់ប្តូរសមសភាគកីឡាករបរទេសច្រើនបើធៀបនឹងរដូវកាលមុន។ យ៉ាងណាក្តីក្រុមនេះបានធ្វើដំណើរទៅបោះជុំរុំហ្វឹកហាត់និងប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសថៃ មួយរយៈផងដែរមុនរដូវកាលថ្មីនេះមកដល់។ ប្រកួតដំបូងក្រុមនេះបានស្មើគ្នាជាមួយក្រុមសូលទីឡូអង្គរ ០ទល់០ តែយកឈ្នះក្រុមគីរីវង់សុខសែនជ័យ វិញ២ទល់០ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments