ភ្នំពេញ ៖ នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយ លោក អៀន ប៊ឺចិត (Ian Burchett) អគ្គនាយកទទួលបន្ទុកកិច្ចការពិភពលោក នៃប្រទេសកាណាដា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រ និងប្រកាសស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា ដើម្បីជំរុញសេរីភាវូបពាណិជ្ជកម្ម និងទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូកម្រិតតំបន់នេះ សំដៅបម្រើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់លើរបបសេរីភាវូបពាណិជ្ជកម្ម និងតែងគាំទ្រគោលនយោបាយពាណិជ្ជកម្មពហុភាគី នៅគ្រប់វេទិកាអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសទាំងអស់ក្នុងពិភពលោក។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្ថែមថា «នៅថ្ងៃអនាគត កម្ពុជាក៏ចង់មាន FTA ដោយឡែក ជាមួយកាណាដា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា សំដៅកាត់បន្ថយគម្លាតជំនាញ និងលើកស្ទួយសហគ្រិនភាពយុវជនកម្ពុជា»។
លោករដ្ឋមន្ត្រី បានជម្រាបជូន លោក អៀន ប៊ឺចិត អំពីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា សក្តានុពលនៃវិស័យកសិកម្ម សមិទ្ធផលលើវិស័យគមនាគមន៍ គោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញ លោក អៀន ប៊ឺចិត ជួយកៀងគរធុរជនកាណាដា ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក អៀន ប៊ឺចិត បានថ្លែងអំណរគុណ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសកាណាដា និងតែងជួយសម្របសម្រួលការវិនិយោគរបស់ធុរជនកាណាដា នៅកម្ពុជា។ លោក អគ្គនាយករូបនេះ ក៏បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីអត្ថប្រយោជន៍នៃ FTA អាស៊ាន-កាណាដា និងកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលកាណាដា សម្រាប់មន្ត្រីក្រសួងពាណិជ្ជកម្ម។
ទន្ទឹមគ្នានោះដែរ លោក អៀន ប៊ឺចិត ក៏បានបន្តជម្រាបជូន លោករដ្ឋមន្ត្រី អំពីគម្រោងវិនិយោគរបស់កាណាដា លើវិស័យសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃវិស័យវាយនភណ្ឌកាត់ដេររបស់កម្ពុជា ព្រមទាំងភាពជោគជ័យនៃទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ៕
Source: Kampuchea Thmey Daily
0 Comments