Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជំរុញ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ពង្រឹង​បញ្ហា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​នា​ឱ​កា​សបុ​ណ្យ​ចូលឆ្នាំថ្មី​នេះ



ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជំរុញ​ដល់​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ទូទាំង​ខេត្ត ត្រូវ​បន្ត​អនុវត្តន៍​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឲ្យ​ល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​នឹង​ជិត​ចូល​មកដល់​នាពេល​ខាងមុខនេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ប្រជា​ពល​រដ្ន​បាន​សប្បាយរីករាយ និង​ត្រៀម​ក្នុងការ​ជួយសង្គ្រោះ​បន្ទាន់​នានា ដូចជា​៖ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ​ជាដើម​។



ការ​ថ្លែង​ជំរុញ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ពេល​លោកជំទាវ​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ពិធី​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ គ​.​ស​២០១៩ ដែល​មាន​ទេវតា​ព្រះនាម ធុ​ង្សៈ ទេវី​។ នៅក្នុង​ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ស្រុក ក្រុង​ទាំងអស់ ព្រមទាំង​ការចូលរួម​ពី​តាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត ភ្ញៀវ​វៀតណាម​ដែលមាន​ខេត្ត ជាប់​ព្រំដែន​ខេត្តស្វាយរៀង គឺ​ខេត្ត​ទ្បុ​ង​អាន និង​ខេត្ត​តៃ​នី​ញ នា​ព្រឹក​ថ្ងៃទី​៦ ​ខែមេសា ឆ្នាំ​២០១៩​នេះ​ នា​សាល​ប្រជុំ​ធំ​សាលា​ខេត្តស្វាយរៀង​។



​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​និង​សាកសួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ​ក្នុង​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជូន​ដល់​បងប្អូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្វាយរៀង​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ជូនពរ​ឆ្នាំ​ថ្មី​នេះ​ផងដែរ​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ទៀត​ថា ក្នុង​រយៈពេល​មួយឆ្នាំ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ក៏ដូចជា មន្ត្រីរាជការ​ជុំវិញ​ខេត្តស្វាយរៀង បាន​ខិតខំ​បំពេញ​កិច្ច​ការងារ​ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ទទួលបាន​ជោគជ័យ​មួយកម្រិត និង​ត្រូវខិតខំ​បន្តទៀត​នៅ​ឆ្នាំ​២០១៩ ធានាបាន​សេដ្ឋកិច្ច​កាន់តែ​ល្អប្រសើរ គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ឲ្យ​មាន​ជីវភាព​សមរម្យ​។



ពិធី​ជួបជុំគ្នា​នៅ​ពេល​នេះ​ ស្រប​ពេល​ដែល​ប្រទេសជាតិ​យើង​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ហើយ​ការជួបជុំ​ជូនពរ​ក្នុង​កម្មវិធី​ចូល​ឆ្នាំ​ថ្មី​នេះ​វា​ជា​ប្រពៃណី​ដ៏​យូរ​មក​ហើយ​រវាង​ខេត្តស្វាយរៀង ឡុង​អាន តៃនិញ​ក្នុងការ​ជូនពរ​ចូលឆ្នាំថ្មី​គ្នា​ទៅវិញទៅមក ហើយ​មិន​ត្រឹម​បាន​ញាំង​ឲ្យ​មាន​បរិយាកាស​មាន​ភាព​អធិកអធម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​នូវ​ទំនាក់​ទំនងជា​មិត្តភាព ប្រកបដោយ​សាមគ្គីភាព ភាតរភាព រវាង​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម​ហើយ​បាន​ជួយ​គ្នា​ទៅវិញទៅមក​ទាំង​វិស័យសេដ្ឋកិច្ច​និង​សហប្រតិបត្តិ​យ៉ាង​ល្អ​នាពេល​កន្លងមក​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សប្បាយរីករាយ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​ឲ្យ​បាន​ច្រើន​កុះករ​ហើយ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ភ្លើង​អគ្គីភ័យ​ដែល​កើតឡើង​ជាយថាហេតុ​និង​ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ត្រូវ​និយាយ​ថា ​ទេ​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu