ភ្នំពេញ ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះ) ប្រព្រឹត្តដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅសង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ៖ ក្រុមជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនខាងលើទី១ឈ្មោះ ចិន ចាង អាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជននេះត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះយ៉េន គង់ សហការ ជាមួយប្រជាជននាំគ្នាចាប់ខ្លួន ខណៈដែលគាត់បានកំពុងតែធ្វើសកម្មភាពគាស់ផ្ទះគេទម្លុះទម្លាយលួចយកបានធុងបាស១គ្រឿង នៅចំណុចភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី២ ឈ្មោះ កែវ សៀប ហៅព្រួញ អាយុ៣៦ឆ្នាំ គ្មានមុខរបរ និងគ្មានទីលំនៅច្បាស់លាស់ ក្នុងរាជធានីភ្នំពេញ។ ជននេះ ត្រូវបានប្រជាជនជាម្ចាស់ផ្ទះចាប់ខ្លួននៅចំណុច ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅក្នុងការដ្ឋានផ្ទុកគ្រឿងសំណង់មួយកន្លែង ដែលជនសង្ស័យនេះ បានគាស់ហែករបងគេចូលមកប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានគេឃើញទាន់ក៏ចាប់ខ្លួនយកមកប្រគល់អោយប៉ូលិសមូលដ្ឋានតែម្តង ដោយមានជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ កឹម សុភ័ក្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាល បានដាក់ពាក្យប្តឹងចោទប្រកាន់។
ប៉ូលិសមូលដ្ឋាននិយាយថា ក្រុមចោរទាំងនេះមានជក់ថ្នាំញៀនទៀតផង ហើយភាគច្រើនចេញធ្វើសកម្មភាពខ្លាំងនៅរដូវបុណ្យទាន ពេលមុនចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌជាដើម រកលុយដោយខុសច្បាប់ធ្វើសោហ៊ុយលេងស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments