អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានធ្វើដំណើរត្រឡប់ទៅចូលរួមជាមួយក្លិបMelbourne Victory នៅប្រទេសអូស្ត្រាលី វិញក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ (U23) ប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Championship 2020 សម្រាប់ឆ្នាំ២០២០ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល H កាលពីពេលថ្មីៗ។
គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលរបស់ប្រទេសអូស្ត្រាលី បានធ្វើដំណើរចំនួន២៤ប្រកួតមកហើយ ខណៈប្រកួតក្នុងពានរង្វាន់ A-League ថ្មីៗនេះក្រុមMelbourne Victory បានចាញ់ក្រុមម្ចាស់ផ្ទះនិងកំពុងឈរចំណាត់ថ្នាក់លេខ២ Sydney ២ទល់១ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន Sydney Cricket Ground ក្នុងទីក្រុងស៊ីដនី។
បរាជ័យនេះធ្វើឲ្យក្រុម Melbourne Victoryមិនអាចប្រជែងកៅអីគេចផុតចំណាត់ថ្នាក់លេខ៣ នៅឡើយនោះទេក្នុងចំណោមក្លិបទាំង១០ ពោលគឺប្រកួតឈ្នះ១៣លើក ស្មើគ្នា៥លើកនិងចាញ់៦លើក។ សម្រាប់ប្រកួតបន្ទាប់ក្នុងសប្ដាហ៍ទី២៥ គឺក្រុមMelbourne Victory ត្រូវបើកទ្វាកីឡដ្ឋានAAMI Park ក្នុងទីក្រុង Melbourne ទទួលក្រុមបាតតារាងCentral Coast Mariners FC នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
កីឡាករ Keisuke Honda បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបថ្មីនៅប្រទេសអូស្ត្រាលី គឺMelbourne Victoty ខណៈរូបគេធ្លាប់បានរក៣៧គ្រាប់ និងលេងបាន៩៨ប្រកួតឲ្យជម្រើសជាតិជប៉ុន។ រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ចប់នៅពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments