ភ្នំពេញ ៖ ជនបរទេសម្នាក់ត្រូវបានកម្លាំងសន្តិសុខឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានពីបទក្លែងបន្លំរូបិយប័ណ្ណលុយ១០០ដុល្លារ (មួយរយដុល្លារ)ដែលហេតុការណ៍នោះកើតឡើងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី នៅចំណុចទូរATM ក្នុងធនាគារABAទីតាំងផ្ទះលេខ68 ផ្លូវលេខ53 កែងផ្លូវលេខ136 ភូមិ1 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ HOFER PETER ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ឡេង លីហៀង ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០ ផ្លូវលេខ៩៣០ ភូមិ១១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (តំណាង)។
រីឯវត្ថុតាងចាប់យកមានលុយក្រដាស១០០ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១សន្លឹក លុយដុល្លារចំនួន១១៦ដុល្លារ និងលុយថៃចំនួន៥២៤០បាត លុយខ្មែរចំនួន២ម៉ឺនរៀល លិខិតឆ្លងដែន១ក្បាល ទូរស័ព្ទដៃម៉ាកXiami ពណ៌ខ្មៅចំនួន១ វ៉ែនតាចំនួន២ ថ្នាំពេទ្យមួយចំនួន កាតATMចំនួន៤.កាតសំគាល់ខ្លួនចំនួន៣ .ប្រអប់ដាក់កាតចំនួន១.ប័ណ្ណបើកបរអន្តរជាតិចំនួន១កាបូបស្ពាយពណ៌ខ្មៅចំនួន១ (ជារបស់ជនសង្ស័យ)។
សមត្ថកិច្ចបានបន្តថា ដំណើររឿងហេតុនោះ គឺនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី ជនសង្ស័យបានមកធ្វើការដកលុយពីទូរATM ក្នុងធនាគារABA ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ្លូវ៥៣ ភូមិ១សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន១០០ដុល្លារ (មួយរយដុល្លារ)ពិតចេញពីទូATM បានហើយក៏លាក់ទុកលុយសុទ្ធហើយលូកកាបូបយកលុយ១០០ដុល្លារក្លែងក្លាយដែលមានស្រាប់មកបង្ហាញដល់បុគ្គលិកធនាគារ ហើយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះ ជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមើលរឿងនេះឲ្យ និងឲ្យជនសង្ស័យត្រលប់ទៅវិញសិនចាំល្ងាចម៉ោង១៥និង០០នាទីចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យក៏បានចេញទៅបាត់ទៅ បន្ទាប់មក ជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស១០០ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយពណ៌ខ្មៅមកបន្លំដូរ រហូតដល់ម៉ោង១៥និង០០នាទី ក៏ជនសង្ស័យត្រលប់មកវិញ ក៏ជនរងគ្រោះបានធ្វើការសួរនាំ និងបើកឲ្យមើលកាមេរ៉ាសុវត្ថិភាព ទើបជនសង្ស័យបានសារភាពថា ខ្លួនពិតជាមកធ្វើការបន្លំពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះបានធ្វើការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ១០០ដុល្លារក្លែងក្លាយយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ ដើម្បីធ្វើការសាកសួរ។
ចំពោះមុខ កម្លាំងជំនាញរបស់អធិការដ្ឋាន និង ប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងបទល្មើសដែលបានប្រព្រឹត្តកន្លងមក រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីនៃច្បាប់៕
Source: Kampuchea Thmey Daily
0 Comments