Ad Code

គ្រូបង្វឹក​ក្រុម U18​វិសាខា ចង់​ឲ្យ​កូនក្រុម​បន្តធ្វើ​ល្អ​ទៀត​មុន​ស្វែងរក​ឱកាស​ឡើងទៅ​ប៉ះ​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ



ក្រុម​យុវជន​ថ្នាល​របស់​ក្លិប​បាល់ទាត់​ចំនួន​៥​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ចូលរួម​ប្រកួត​បាល់ទាត់​មហាជន​ពានរង្វាន់ KMH Cup U18 រដូវ​កាល​២០១៩ ដែល​រៀបចំឡើង​ដោយ​ទីលាន​បាល់ទាត់​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេលដែល​ការប្រកួត​ដល់​វគ្គ​ជម្រុះ​ដណ្តើម​ជើងឯក​ហើយ​។

​ពានរង្វាន់ KMH Cup U18 នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៧​ក្រុម ដោយ​ក្នុងនោះ​មាន​ក្រុមយុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក KMH Cup U18 2018, ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន​, ក្រុមយុវជន​ក្លិប​វិសាខា​,​ក្រុមយុវជន​ក្លិប​បឹងកេត និង​ក្រុមយុវជណ​ក្លិប​អគ្គិសនី​កម្ពុជា ពីលើ​ក្រុម​ពាក់កណ្ដាល​អាជីព Football Coffee និង KMH Academy U18​។

ចំណែក​លោក វី លីកា គ្រូ​បង្គោល​ក្រុម​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ​របស់​ក្រុម​វិសាខា បាន​លើកឡើងថា «​ការ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ប្រកួត​សន្សំ​ពិន្ទុ គឺជា​លទ្ធផល​ល្អ​មួយ ដែល​យើង​អាច​ទទួល​យក​បាន។ តែ​អ្វី​ដែល​ខ្ញុំ​រំពឹង ខ្ញុំ​ចង់​ឃើញ​កីឡាករ​ម្នាក់ៗ​បង្ហាញ​សមត្ថភាព​លើ​ទីលាន ១០០% ដូច ៩​ប្រកួត​ដំបូង ខ្ញុំ​អត់​ចង់បាន​ដូច​លេង​ប៉ះ U-17 ភ្នំពេញ​ក្រោ​ន ឬ​ប៉ះ U-18 KMH Academy ទេ ដែល​យើង​មានការ​ធ្វេសប្រហែស​ច្រើន ធ្វើ​ឲ្យ​របូត​ឱកាស​ឈរ​លេខ​១»​។

គ្រូបង្វឹក​កំពុងកាន់​អាជ្ញាប័​ណ្ណ B-License បាន​បន្ត​ថា «​ការ​ឈរ​លេខ​២ យើង​សល់​ពេល​ច្រើន សម្រាប់​ត្រៀម​ជួប​ក្រុម​ទទួល​បាន​ជ័យជម្នះ រវាង​ក្រុម​លេខ​៣(U-17 ភ្នំពេញ​ក្រោ​ន​) និង​ក្រុម​លេខ​៤(U-18 ព្រះខ័ន​រាជ​ស្វាយរៀង​) ដែរ ។ ចឹ​ង​បើ​យើង​ត្រៀម​បានល្អ យើង​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែ​ពេលនេះ ខ្ញុំ​មិនទាន់​ផ្ដោត​លើ​វគ្គ​ផ្ដាច់ព្រ័ត្រ ឬ​ជើងឯក​នោះទេ សំខាន់​យើង​ត្រៀម​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​សិន គឺ​យើង​ត្រូវ​រៀបចំ​តាម​ដំណាក់កាល​ឲ្យ​បានល្អ​»​។

​សូម​រំលឹក​ថា ​ក្រុមបាល់ទាត់​យុវជន​បឹងកេត ទទួលបាន​កៅអី​លំដាប់​ទី​១ ក្រោយ​បញ្ចប់​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ ពានរង្វាន់ KMH Cup U18 រដូវ​កាល​២០១៩ ចំណែក​វិសាខា U17 បាន​ឈរ​នៅ​លំដាប់​ទី​២​។

ដូច្នេះ​ក្រុម​យុវជន​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​ការពារ​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ខ្វែង​ក្នុងនាម​ជា​ក្រុម​លេខ​៣​ប៉ះ​ក្រុម​លេខ​៤ ដើម្បី​យក​កៅអី​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ះ​វិសាខា ដែល​ឈរ​លេខ​២​។ ក្រុម​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ជួប​ជាមួយ​បឹងកេត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ ចំពោះ​ប្រកួត​រវាង​ក្រុម​លេខ​៣ ភ្នំពេញ​ក្រោ​ន និង​ក្រុម​លេខ​៤ ព្រះខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ និង​ថ្ងៃទី​១១ ខែឧសភា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu