Ad Code

ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​លក់​ដី​ខ្យល់៣នាក់ បញ្ជូន​ខ្លួន​ទៅ​តុលាការ​



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​( លក់​ដី​ខ្យល់ ) ត្រូវបាន​សមត្ថកិច្ច​ នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន នៅ​នឹង​ការិយាល័យ​របស់​ពួកគេ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មក​ដាក់​ពាក្យបណ្ដឹង។​

​ការនាំ​ខ្លួន​ជនសង្ស័យ​ទាំង៣នាក់ មកកាន់​អធិការ​ក្រុង​ដើម្បី​សាកសួរ​នេះ​ គឺ​បាន​ប្រព្រឹត្តឡើង​កាលពី​រសៀល​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅ​ចំណុច​បុរី​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​ក្នុងនោះ​ប្រធាន​ក្រុមហ៊ុន ហង្ស​ម្ចាស់​ដី ឬ ឋាន​ព្រះឥន្ទ មានឈ្មោះ ឈី ចរិយា ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ និង ភ្នាក់ងារ​ចំនួន២នាក់ ដែលមាន​ ឈ្មោះ​ ឈិ​ត រតនា ភេទ​ប្រុស អាយុ៣៧ឆ្នាំ រស់​នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ឈ្មោះ ជី ចិន្តា ភេទ​ប្រុស អាយុ៤៧ ឆ្នាំ​ រស់នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​

​យោងតាម​ពាក្យបណ្តឹង​របស់ ​ឈ្មោះ វិញ វ៉ាន់ ភេទ​ប្រុស អាយុ៥៧ឆ្នាំ បាន​បញ្ជាក់ថា ខ្លួន​បាន​ពិនិត្យមើល​ប្លង់ដី​ចម្ការ​របស់​ក្រុមហ៊ុន ដែលជា​ប្រភេទ​ដីចម្ការ​ដូង​ក្រអូប ស្ថិតនៅ​ភូមិ​ដង្កោ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​ ទើប​ខ្លួន​បាន​ទិញ​ចំនួន២ហិកតា ដែលមាន​តម្លៃ២៨.០០០ដុល្លារ ហើយ​ខ្លួន​ក៏បាន​កក់​ទៅ​ឲ្យ​ក្រុមហ៊ុន ​កាលពី​ពីថ្ងៃ​ទី៨ ខែមីនា ឆ្នាំ​២០១៩ ចំនួន​២.៩០០ដុល្លារ។​

​ជនរងគ្រោះ​បាន​បន្តថា ក្រោយមក​ខ្លួន​ក៏បាន​ចុះទៅ​លើដី​តាម​ប្លង់​នោះ គឺ​ដី​សុទ្ធ​តែព្រៃ និង​មាន​ដើម​ដូង​ប្រហែល២០០ដើម។ លុះ​នៅក្នុង​អំឡុង​ខែមេសា​ ក្រុមហ៊ុន​ក៏បាន​តម្រូវឲ្យ​ខ្លួន​ទៅ​បង់លុយ​ផ្តាច់​តែ​ចំនួន២៥.០០០​ទៀត តែប៉ុណ្ណោះ ប៉ុន្តែ​ខ្លួន​មិនទាន់​បង់​ឲ្យ​នោះ​ទេ ព្រោះ​រង់ចាំ​ទៅ​មើល​ដី​នោះ​ម្តង​ទៀត​សិន។​

​ឯ​ដើម​បណ្តឹង​ទី​២ មានឈ្មោះ ជួប សុផាត ភេទ​ប្រុស អាយុ៣១ឆ្នាំ បាន​បញ្ជាក់​ថា នៅក្នុង​អំឡុង​ខែ មីនា ឆ្នាំ២០១៩ ក្រុមហ៊ុន​បាន​អញ្ជើញ​ខ្លួនឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​បើក​ការិយាល័យ​របស់​ក្រុមហ៊ុន​បង់​រំលោះ​ដី​ចម្ការ ដោយ​គោលការណ៍​របស់​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អតិថិជន​បង់​មុន​ចាប់ពី ២០% ទៅ ៤០% ហើយ​ដី​ចម្ការ​មានតម្លៃ​ក្នុង១ហិកតា ចាប់ពី១៤.០០០ ទៅ ២០.០០០ដុល្លារ។

នៅពេលនោះ​ខ្លួន ​ក៏បាន​ចាញ់​ការឃោសនា ព្រម​ទិញ១ហិកតា​ដែរ ដោយ​មិនទាន់​បានឃើញ​ដីចម្ការ​ក្នុង​ខេត្ត​សៀមរាប​នោះ​នៅឡើយ ហើយក៏​បាន​កក់​លុយ​ទៅឲ្យ​ក្រុមហ៊ុន​ចំនួន១.៨០០ដុល្លារ។​

​នៅ​ចំពោះមុខ ​សមត្ថកិច្ច​ក្រុង ដោយមាន​ការចូលរួម​សាកសួរ​ពី​ លោក ឈឿង គឹម​សុង នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឧត្ដមសេនីយ៍​ត្រី​ ជេ​ត វណ្ណ​នី ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ និង​លោក​អធិការ នគរបាល​ក្រុង​ឆាង វណ្ណ​ឆៃ ផង​នោះ ជនសង្ស័យ​ទាំង៣នាក់ បាន​សារភាព​ថា ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ឈី ចរិយា គឺ​បានទទួល​ការគ្រប់គ្រង​ក្រុមហ៊ុន​បន្ត ពី​ឪពុក​
​ឈ្មោះ ឈី ហែម អាយុ៦៥ឆ្នាំ ដោយ​ដំបូង​ឡើយ​ក្រុមហ៊ុន​បាន​បើក​នៅឯ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ព្រមទាំង​មាន​សាខា​តាម​បណ្តា​ខេត្ត​មួយចំនួន គឺ​ខេត្ត​កំពត ពោធិ៍សាត់ សៀមរាប មណ្ឌលគិរី និង​ខេត្ត​បាត់ដំបង។​

​ដោយឡែក​ចំពោះ​ភ្នាក់ងារ ២នាក់​ទៀត គឺ​មិនមាន​ស៊ីប្រាក់ខែ​ទេ ដោយ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អូសទាញ​អតិថិជន​ដើម្បី​ទិញ​ដីចម្ការ បើ​លក់បាន១ហិកតា​ ហើយ​អតិថិជន​ព្រម​បង់​មុន​ចំនួន​៤០% នោះ​ពួកគេ​និង​ទទួលបាន​ប្រាក់កម្រៃ ចំនួន​១.២០០​ដុល្លារ ដោយ​ក្នុងនោះ ឈ្មោះ ឈិ​ត រតនា អូស​ទាញ​អតិថិ​ជន​បាន​ចំនួន២០នាក់ រីឯ​ឈ្មោះ ជី ចិន្តា អូសទាញ​បាន៤នាក់។​

​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ដែល​បាន​បំពាន​នឹង​ក្រមព្រហ្មទណ្ឌ​លេខ ៣៧៨ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៣នាក់ ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu