Ad Code

ផ្ទុះ​គ្រាប់បែក​នៅ​ប៉ា​គី​ស្ថាន​ សម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​និង​របួស​២៤​នាក់



ប៉ូលិស​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទី​សក្ការបូជា​សាសនា Sufi ដ៏​ចំណាស់​ជាងគេ​និង​ពេញនិយម​បំផុត​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បានសម្លាប់​មនុស្ស​យ៉ាងតិច​បួន​នាក់​និង​រងរបួស​២៤​នាក់​នៅ​ភាគ​ខាងកើត​ទីក្រុង Lahore ខណៈដែល​ប្រទេស​នេះ​ប្រារព្ធ​ខែ​តម​អាហារ​នៃ​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​។​

ប៉ូលិស​បាន​និយាយថា ពួកគេ​នៅតែ​កំពុង​ស៊ើបអង្កេត​អំពី​ការផ្ទុះ​នេះ​ដែល​បាន​កើតឡើង​នៅ​ជិត​ច្រកចូល​សម្រាប់​ភ្ញៀវទេសចរ​ភេទ​ស្រី​ទៅកាន់​ទីសក្ការៈ Data Darbar សតវត្ស​ទី​១១​ដែល​ជាទី​សក្ការបូជា​សាសនា Sufi ធំជាងគេ​បំផុត​មួយ​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

ទី​សក្ការបូជា​នេះ​ត្រូវ​បានកំណត់​គោលដៅ​កាលពី​លើក​មុន​ពោលគឺ​ការវាយប្រហារ​អត្តឃាត​ឆ្នាំ​២០១០​ដែល​បានសម្លាប់​មនុស្ស​ជាង​៤០​នាក់​ហើយ​ត្រូវបាន​ការពារ​ដោយ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​។​

អ្នក​គោរពបូជា Sufi តែងតែ​ជា​គោលដៅ​នៃ​ការវាយប្រហារ​បង្ហូរឈាម​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​រួមទាំង​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​ដែល​ចាត់ទុក​ជំនឿ​និង​ពិធីបុណ្យ Sufi ថា​ជា​សាសនា​ខុសឆ្គង​។​

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​លោក Muhammad Ashfaq បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា បុគ្គលិក​សន្តិសុខ​នៅ​ទី​សក្ការបូជា​នេះ​ត្រូវ​បានកំណត់​គោលដៅ​ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា មូលហេតុ​នៃ​ការផ្ទុះ​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ លោក​បន្ថែមថា មន្ត្រីប៉ូលិស​បីនាក់​និង​ជន​ស៊ីវិល​ម្នាក់​ត្រូវបាន​សម្លាប់​។​

មន្ត្រីប៉ូលិស​លោក Muhammad Kashif បាន​បន្ថែមថា ការផ្ទុះ​នេះ​អាចជា​ការវាយប្រហារ​អត្តឃាត​លើ​រថយន្ត​សន្តិសុខ​។​

ការជំរុញ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ប្រឆាំងនឹង​ភាពជ្រុលនិយម​បាន​បង្កើន​ឡើង​បន្ទាប់ពី​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ច្រើន​បំផុត​មិន​ធ្លាប់មាន​របស់​ប្រទេស​នេះ​ដែលជា​ការវាយប្រហារ​លើ​សាលារៀន​មួយ​ក្នុង​ទីក្រុង Peshawar កាលពី​ឆ្នាំ​២០១៤​ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១៥០​នាក់​ស្លាប់​ភាគច្រើន​ជា​កុមារ​។​

ចាប់តាំងពី​ពេលនោះ​មក សន្តិសុខ​មាន​ភាពល្អ​ប្រសើរឡើង​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ប៉ុន្តែ​ពួក​សកម្មប្រយុទ្ធ​នៅតែមាន​លទ្ធភាព​អនុវត្ត​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu