ភ្នំពេញ ៖ អធិរាជគុនខ្មែរISI PALM គឺជាកម្មវិធីប្រដាល់ដ៏ជក់ចិត្ត ប្លែក កក្រើករញ្ជួយ ដែលទស្សនិកជនបាននិងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា នៅទីបំផុតនឹងបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០១៩នេះ នាវេលាម៉ោង១២ថ្ងៃត្រង់តទៅ។
បើតាមការឲ្យដឹងពីអ្នករៀបចំ និងគ្រប់កម្មវិធីនេះ បានលើកឡើងថា អធិរាជគុនខ្មែរISI PALM ជាកម្មវិធីប្លែកមិនធ្លាប់មាននៅកម្ពុជា ជាការប្រកួតដណ្ដើមខ្សែក្រវាត់ប្រាក់ប្រចាំខែសម្រាប់ឈានទៅប្រកួតយកខ្សែក្រវាត់មាសក្នុងទម្ងន់៦០គីឡូក្រាម អមដោយប្រាក់រង្វាន់៤០លានរៀល(១០,០០០ដុល្លារអាមេរិក)។
ចំពោះគ្រុឌកំណាចដែលជាអ្នកស្នងគុណខ្មែរលំដាប់កំពូល៨រូបរួមមាន ៖ ឃីម ឌីម៉ា ,ឡៅ ចិត្រា ,សុខ វិសាល ,លន បញ្ញា ,កូយ ឡាយ ,ធន់ មករា ,ឡុង ជិន ,សារឿន ចាន់ នឹងតតាំងជាមួយនាគរាជឆ្លងដែលមកពីថៃ៨នាក់ ក្នុងរូបមន្តចាញ់ធ្លាក់ ឈ្នះឡើងដោយគ្មានសន្សំពិន្ទុអ្វីឡើយ។ ជារៀងរាល់ខែ កីឡាករកម្ពុជាពីររូប នឹងតតាំងជាមួយកីឡាករថៃ២រូប ហើយអ្នកឈ្នះនឹងឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ប្រាក់ប្រចាំខែទល់នឹងអ្នកឈ្នះដូចគ្នា។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវាត់ទាំង៤ ពួកគេនឹងតតាំងគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីឆ្ពោះទៅដណ្តើមខ្សែក្រវាត់មាស។
លើសពីនេះ សម្រាប់ជាកិច្ចបើកវាំងននសម្ពោធកម្មវិធីអធិរាជគុនខ្មែរISI PALMនាថ្ងៃទី១២ ខែឧសភា មុនឈានដល់គូខ្សែក្រវាត់នោះកំពូលអ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ធះ រឿង សោភ័ណ្ឌ នឹងចូលខ្លួនអង្រួនសង្វៀនក្នុងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងអតីតម្ចាស់ខ្សែក្រវ៉ាត់សង្វៀនលុម្ពិនី ផុងសិរិ ស្របពេលជង្គង់ពិឃាត ឡុង សំណាង ត្រូវប្រឈមមុខជាមួយអតីតម្ចាស់ខ្សែក្រវ៉ាត់ WBC ប៉ិក៏ថេង អមដោយគូថ្នាលពន្លកគុណខ្មែរដ៏ជក់ចិត្តមិនឲ្យប្រិមិត្តព្រិចភ្នែកឡើយ។
សូមបញ្ជាក់ថា ចំពោះគូដណ្តើមខ្សែក្រវាត់ អធិរាជគុនខ្មែរISI PALM នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអាទិត្យទី១៩ខែឧសភាខាងមុខនេះដោយមានវត្តមានកំពូលអ្នកប្រយុទ្ធមកពីខេត្តកំពង់ស្ពឺ ឡៅ ចិត្រា ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៧៕
Source: Kampuchea Thmey Daily
0 Comments