ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីកំពុងពិចារណាលើកំហុសឆ្គងរបស់ភីឡុតថាជាមូលហេតុនៃការឆេះយន្តហោះនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ទីក្រុងមូស្គូដែលបានសម្លាប់មនុស្សចំនួន៤១នាក់។
អាកាសយានដ្ឋានបាននិយាយកាលពីថ្ងៃអង្គារថា រថយន្តពន្លត់អគ្គិភ័យដំបូងបង្អស់បានមកដល់កន្លែងកើតហេតុត្រឹមតែពីរនាទីប៉ុណ្ណោះបន្ទាប់ពីយន្តហោះនេះបានចុះចតនិងឆាបឆេះ។
បណ្តាញទូរទស្សន៍រុស្ស៊ី Ren TV បានបង្ហោះនូវអ្វីដែលខ្លួននិយាយថា គឺជាការសន្ទនារវាងអាកាសយានិកនិងអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលបង្ហាញថា ភីឡុតនៅតែស្ងប់ស្ងាត់នៅពេលដែលគាត់បានស្នើសុំការចុះចតជាបន្ទាន់និងមិនបានវាយតម្លៃស្ថានភាពនេះថាជាស្ថានភាពសំខាន់ទេ។
យន្តហោះ Sukhoi Superjet-100 កាលពីល្ងាចថ្ងៃអាទិត្យ ទើបតែហោះចេញពីអាកាសយានដ្ឋាន Sheremetyevo នៅពេលវាបញ្ជូនសញ្ញាអាសន្ននិងបកក្រោយត្រលប់មកវិញហើយឆេះលើផ្លូវរត់។
ប្រភពក្នុងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន Kommersant ថា អ្នកបើកយន្តហោះរបស់ក្រុមហ៊ុន Aeroflot បានបង្កកំហុសមួយចំនួនរួមទាំងការហោះហើរចូលទៅក្នុងព្យុះហើយចុះចតដោយមានប្រេងពេញធុងជាជាងការហោះឆ្វែលសិនដើម្បីកាត់បន្ថយប្រេងផងដែរ។
ប្រភពជាច្រើនបាននិយាយប្រាប់សារព័ត៌មាន RBK ថា អាកាសយានិកបានបើកបង្អួចកាប៊ីនដែលជាហេតុបញ្ឆេះឲ្យភ្លើងរាលដាលហើយមិនបានពន្លត់ម៉ាស៊ីនភ្លាមៗទេបន្ទាប់ពីចុះចត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតនៅតែកំពុងពិនិត្យប្រអប់ខ្មៅពីយន្ដហោះហើយរហូតមកទល់ពេលនេះមិនបានផ្តល់ហេតុផលជាផ្លូវការណាមួយសម្រាប់គ្រោះថ្នាក់នេះទេ។
អ្នកបើកយន្តហោះឈ្មោះ Denis Yevdokimov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រន្ទះបាញ់ដែលវាយប្រហារភ្លាមៗបន្ទាប់ពីការហោះហើរបានបណ្តាលឲ្យយន្តហោះបាត់ការទាក់ទងនិងបង្ខំចុះចតជាបន្ទាន់។
នៅក្នុងឯកសារនៃទំនាក់ទំនងរបស់គាត់ជាមួយអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស, លោក Yevdokimov បាននិយាយថា “យើងស្នើសុំវិលត្រលប់ទៅវិញដោយសារតែការបាត់បង់ទំនាក់ទំនងតាមវិទ្យុ”។ គាត់បាននិយាយថា យន្ដហោះនេះត្រូវបានវាយប្រហារដោយរន្ទះ។
គាត់បានបន្ថែមថា ប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិរបស់យន្តហោះនេះគឺមិនដំណើរការទេ។ គាត់បានបញ្ជាក់ថា គាត់នឹងចុះចតដោយប្រើតែឧបករណ៍ប៉ុណ្ណោះហើយបានប្រាប់អ្នកត្រួតពិនិត្យចរាចរណ៍អាកាសថា គាត់ត្រូវការជំនួយ៕ AFP
Source: Kampuchea Thmey Daily
0 Comments