Ad Code

សិស្ស​ម្នាក់​ ត្រូវស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​សាលារៀន​អាមេរិក​ក្បែរ​វិទ្យាល័យ Columbine



សិស្ស​វ័យ​ជំទង់​ម្នាក់​ ត្រូវបាន​បាញ់​ស្លាប់​ ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត ​បាន​រងរបួស​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ការបាញ់ប្រហារ​នៅ​សាលារៀន​មួយ​ ដោយ​សិស្ស​ជា​មិត្ត​ក្នុង​រដ្ឋ Colorado​។​

ការិយាល័យ​តម្រួត​តំបន់ Douglas County បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែល​យើង​អាច​បញ្ជាក់បាន​ថា សិស្ស​ម្នាក់​នៅ​សាលា STEM ត្រូវបាន​សម្លាប់​”​។ ការិយាល័យ​នេះ​បានដាក់​អាយុ​ជនរងគ្រោះ​ថា​មាន​អាយុ​១៨​ឆ្នាំ​។​

តម្រួត Tony Spurlock បាន​និយាយថា សិស្ស​រងរបួស​ជាច្រើន​នាក់​គឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយ​អ្នកខ្លះ​ត្រូវ​ទទួល​ការវះកាត់​ផងដែរ​។ មិនមាន​បុគ្គលិក​ឬ​គ្រូបង្រៀន​ណា​ម្នាក់​ត្រូវបាន​គេ​ដឹងថា​រងរបួស​ទេ​។ សិស្ស​រងរបួស​ដែល​ក្មេង​ជាងគេ​បំផុត​គឺមាន​អាយុ​១៥​ឆ្នាំ​។​

ជនសង្ស័យ​ពីរ​នាក់​កំពុង​ត្រូវបាន​ឃុំឃាំង​។ ពួកគេ​ទាំងពីរ​នាក់​បាន​ចូលរៀន​នៅ​សាលា​។ មិនមាន​ជនសង្ស័យ​បន្ថែមទៀត​ទេ​។​

តម្រួត​បាន​បន្ថែមថា អ្នក​ទាំង​ពីរបាន​ដើរចូល​ទៅក្នុង​សាលា STEM ដោយ​ចូល​ជ្រៅ​ទៅខាង​ក្នុង និង​បាន​ទាក់ទង​សិស្ស​នៅ​កន្លែង​ដាច់ដោយឡែក​ពីគ្នា​ចំនួន​២​។​

តម្រួត​បន្តថា “​យើង​មិនមាន​ព័ត៌មាន​អំពី​នរណាម្នាក់​ដែល​ត្រូវគេ​កំណត់​គោលដៅ​នោះទេ​”​។​
​កាំភ្លើង​មួយ​ដើម​ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ​។​

សាលា STEM School Highlands Ranch ដែលជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់​មតេយ្យ​រហូតដល់​ថ្នាក់​ទី​១២​នៅ​កណ្តាល​រដ្ឋ Colorado ជាមួយ​សិស្ស​ប្រហែល​១,៨០០​នាក់​គឺមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៨​គីឡូម៉ែត្រ​តាមផ្លូវ​ពី​វិទ្យាល័យ Columbine​។​

សាលារៀន​នេះ​ត្រូវ​បិទទ្វារ​ប៉ុន្មាន​ម៉ោង​នៅពេល​កងកម្លាំង​ប៉ូលិស​ដ៏​ធំ​ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែង​នោះ​។ ការឡោមព័ទ្ធ​ត្រូវបាន​ដកចេញ​វិញ​នៅ​ប្រហែល​ម៉ោង​៣​រសៀល​។​

វិធានការ​សន្តិសុខ​ត្រូវបាន​ធ្វើឡើង​ក្នុង​សាលារៀន​នៅតាម​តំបន់​ជាច្រើន​ហើយ​ឪពុកម្តាយ​របស់​សិស្ស​នៃ​សាលា STEM ត្រូវបាន​គេ​ស្នើ​ឲ្យ​យក​កូនៗ​របស់​ពួកគេ​នៅឯ​ទីតាំង​មួយ​នៅ​ជិត​សាលារៀន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu