ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសិទ្ធិមនុស្សប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានសំដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងវិស័យដីធ្លី និងលំនៅឋាន និង បានលើកឡើងអំពីបញ្ហាមួយចចំនួនដូចជា ទី១,ការកែសម្រួលនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច កាន់តែងាយស្រួល និងលឿនជាងមុន ជាពិសេសការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅស្រុកសំឡូត ដែលទីតាំងនោះ មិនទាន់មានសុវត្ថិភាព ដោយនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការចុះបញ្ជីដីរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន៣សហគមន៍ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទី២, ការតាំងទីលំនៅថ្មីរបស់ប្រជាជនរស់នៅលើទឹក នៅឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង មកលើដីគោក។ ទី៣,ការរៀបចំឲ្យមានគោលការណែនាំជារួម ក្នុងការងារដោះស្រាយវិវាទដីធ្លី។ ទី៤, ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា CSDG និងទី៥,ការសហការកែលំអក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និងរៀបចំវេទិកាថ្នាក់ជាតិ ស្ដីពីនគរូបនីយកម្ម។
ទាក់ទងនឹងការលើកឡើងរបស់អ្នករាយការណ៍ អ.ស.ប នេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពលើវិស័យដីធ្លី និងលំនៅឋាន ដែលក្នុងនោះបានចុះបញ្ជីដីបានចំនួន៥,២លានក្បាលដី ដែលស្មើនឹង៧៤ភាគរយ នៃក្បាលដីសរុបប្រមាណ៧លានក្បាលដី និងគ្រោងបញ្ចប់១០០ភាគរយ នៅឆ្នាំ២០២១។ ចំណែក ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន២៤សហគមន៍ និងបានដោះស្រាយបញ្ចប់វិវាទដីធ្លីចំនួន៨០៦២ករណី ហើយនៅបន្តដោះស្រាយប្រមាណ២០០០ករណី។
ជាមួយគ្នានោះ នៅក្នុងជំនួបពិភាក្សា ឯកឧត្ដមនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឆ្លើយបំភ្លឺចំណុចមួយចំនួន ដែលលោកស្រី Rhona Smith បានលើកឡើងខាងលើ ព្រមទាំងបញ្ជាក់អំពីការជំរុញពន្លឿន ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់ និងការរៀបចំផែនការសកម្មភាពរបស់ក្រសួង ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា, ការគាំទ្រដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋ ដែលរស់នៅលើទឹក និងការបន្តកិច្ចសហការរៀបចំកែលំអក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និង រៀបចំវេទិកាថ្នាក់ជាតិ ស្ដីពីនគរូបនីយកម្មឲ្យបានជោគជ័យ៕
Source: Kampuchea Thmey Daily
0 Comments