Ad Code

សិស្ស​ និង​ គ្រូ​ជាង​៥០០​ នៅ​ស្រុក​ឧត្តុង្គ​ ទទួលបាន​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវក្តៅ​



​ភ្នំពេញ ​៖​ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង​៥០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហគមន៍ ​ស្ថិតនៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ទួល​សុ​ភី នៃ​ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​ ទទួលបាន​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ពី​ក្រុមហ៊ុន ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ពិសេស​នៅក្នុង​រដូវ​ក្តៅ​នេះ​។​

ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹក​ស្អាត​នេះ​មានការ​ចូលរួម​ជា​អធិបតី​ពី លោក​សំ រិទ្ធី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង ​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​ នៃ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។​

លោក រស់ សោភា បាន​មាន​ប្រសាសន៍ថា «​ការ​ប្ដេជ្ញា​ចិត្តរបស់យើង មិន​បញ្ឈប់នៅត្រឹមតែការ តម្លើងប៉មចម្រោះទឹកស្អាតថ្មី​ក្នុង ថ្ងៃ នេះប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង នឹងបន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជាសហគមន៍​អំពី​ការ ថែរក្សា​ការពារ ប៉ម​ចម្រោះទឹកនេះ រួមទាំង​ការធ្វើ​លំហែ​ទាំ រយៈពេល៥​ឆ្នាំ​។ អង្គការ Planet Water នឹងធ្វើ​ការត្រួត ពិនិត្យ​តាមដាន គុណភាពទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់ ”​។​

លោក រស់ សោភា បាន​បន្តទៀតថា «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មានមោទនភាព ដែល​បាន​ចូលរួម ចំណែក ក្នុងការ​បង្កើត​គម្រោង ដ៏មានសារៈសំខាន់មួយនេះ ដែល​បាន​កំពុងតែ នាំយកទឹកស្អាត​មក កាន់សាលារៀន និង សហគមន៍ ជាច្រើន​នៅទូទាំង​ពិភព​លោក​»​។​

លោក សំ រិទ្ធី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​គូសបញ្ជាក់ថា «​ខ្ញុំ​សូម​កោតសរសើរ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដែល​បាន និង​កំពុង​បន្ត​សហការ​ជាមួយ​អង្គការ​Planet Water ក្នុងការ​សាងសង់​នូវ​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ឡើង​ចំនួន​១៨​គ្រឿង នៅតាម​សហគមន៍​នៃ​ខេត្ត​ចំនួន​៧ នៅក្នុង​ព្រះរា​ជាណាចក្រ​កម្ពុជា​» លោក​បន្តទៀតថា «​ប៉ម​ចម្រោះ​ទឹក​នេះ ជា​ប៉ម​ទី​៣​ហើយ ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​ខេត្តកំពង់ស្ពឺ ក្នុងនោះ​មានដូចជា​ ៖ ​ទី​១​.នៅ​វិទ្យាល័យ​ភ្នំស្រួច ,ទី​២.​នៅ​វិទ្យាល័យ​ជ្រៃ​ហូ​ព្នៅ និង​ទី​៣​.គឺ​នៅ​អនុវិទ្យាល័យ​ទួល​សុ​ភី​យើង​នេះ​»​។​
​សូមជម្រាបថា នេះ គឺជា ប៉មចម្រោះទឹកស្អាត ទី​២២ ដែល​បាន​តម្លើង ដោយក្រុមហ៊ុន កូ​កា​-​កូ​ឡា ជា​មួយនឹង​ស្ថាប័នដៃគូ​នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៦ ក្រោម​កិច្ច​សហការ ជាមួយ អង្គការ​Planet Water ដែលមាន​ការ តម្លើង ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា សហគមន៍​នានា ​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ ប្រឈម​នឹង​ការខ្វះ ទឹកស្អាត​សម្រាប់​ទទួលទាន​។​

ក្នុង ឆ្នាំ២០១៩​នេះ​ ក្រុមហ៊ុន ​នឹង​កសាង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន​៣​ទៀត​ នៅ​ទូទាំង ប្រទេស​កម្ពុជា ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង ឆ្នាំ​បន្ទាប់ៗ​ទៀត​ខណៈ​ប៉ម ចម្រោះ ទឹក ស្អាត ចំនួន ១៨ ដែល ក្រុមហ៊ុន បាន តម្លើង នៅ​កម្ពុជា តាំង ពី ឆ្នាំ​២០១៦ បាន ផ្តល់ ទឹក ស្អាត ចំនួន ៤៤ ,៩៩០,២៨៦​លីត្រ សម្រាប់ ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu