ភ្នំពេញ ៖ ជនសង្ស័យ ជាក្រុមក្មេងទំនើងកាងខារ៉ាអូខេតាមផ្លូវ២០០៤ ដែលគេល្បីថា ជាក្រុមបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ មកដល់ពេលនេះហាក់ថ្លើមធំពាសមេឃណាស់ ឃើញសមត្ថកិច្ចជិះម៉ូតូមានកាំភ្លើងនៅនឹងដៃទៅហើយ បែរជាជិះម៉ូតូជ្រែចុះឡើង នៅពេលសមត្ថកិច្ចសួរនាំ បែរជាខឹងព្រួតគ្នាវាយសមត្ថកិច្ចបាក់ខ្ទង់ច្រមុះទៅវិញ មិនតែប៉ុណ្ណោះបែរជាចោទថា សមត្ថកិច្ចដេញវាយប្រជាពលរដ្ឋល្អដូចជាពួកគេទៅវិញ។
ដើម្បីទប់ទល់ការពារខ្លួនសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធគំរាមជាច្រើនគ្រាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ហៅផ្លូវម៉ៃដាស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១.ឈ្មោះ ផាន ស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅម្តុំលូប្រាំ។ ជនសង្ស័យទី២.ឈ្មោះ ផាន ស្រៀង ត្រូវជាបងប្អូន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំលូប្រាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ជនសង្ស័យ២នាក់ទៀតជាអ្នកកាងខារ៉ាអូខេ និងជាអ្នកមកជួយអន្តរាគមន៍ យកដាវរកកាប់សមត្ថកិច្ច ឈ្មោះ ថូ ហឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ រុនសោន ទីតាំងកើតហេតុខាងលើ ។ ជនសង្ស័យម្នាក់ទៀតឈ្មោះចាន់ ចាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលជាជនរងគ្រោះបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បាននាំអ្នកទោសគ្រឿងញៀនចំនួន៥នាក់ បញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ហើយបានត្រឡប់ទៅប៉ុស្តិ៍វិញ ជិះកាត់ តាមបណ្ដោយផ្លូវ២០០៤ មកដល់ម្តុំហាងខារ៉ាអូខេ ជាច្រើនជិតស្តុបវត្តអង្គតាមិញ ស្រាប់តែឃើញជនសង្ស័យមួយក្រុម៣នាក់ប្រុស២ ស្រី១ ជិះម៉ូតូ២គ្រឿង ជិះជ្រែតាមផ្លូវ ហើយសមត្ថកិច្ចហៅសួរនាំ បែរជាជនបង្កខាងលើឌឺដងដាក់សមត្ថកិច្ច និង ស្រែកហៅបក្សពួកនៅកាងហាងខារ៉ាអូខេម្តុំនោះឲ្យមកជួយអន្តរាគមន៍ ហើយបន្ទាប់មកបាននាំគ្នាវាយសមត្ថកិច្ចទាំងមានកាំភ្លើងអាការនៅនឹងដៃ បណ្តាលឲ្យបាក់ក្តោងច្រមុះម្នាក់ ហើយភាគីបង្កបាននាំគ្នាជាច្រើននាក់ មានក្រុមកាងខារ៉ាអូខេផង បានចោទប្រកាន់ថាសមត្ថកិច្ចវាយប្រជាពលរដ្ឋទៅវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បាន៤នាក់ យកមកសួរនាំ និងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments