ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានចាប់ខ្លួនភ្លាមៗ ខណៈដែលជនរងគ្រោះស្រែកឆោឡោថា ចោរៗ ពេលដែលរូបគេធ្វើសកម្មភាពឆក់យកទូរស័ព្ទ ហើយព្យាយាមគេចខ្លួនបានសម្រេច។
សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ដើរឆក់យកទូរស័ព្ទដៃ)នោះ បានឡើងនៅថ្ងៃពុធ ទី៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅចំណុចលើផ្លូវលេខ៥១ កែងផ្លូវលេខ២២២ ភូមិទី០៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួននោះ ឈ្មោះ សុខ បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាកiphone6 ពណ៌មាស(ប្រគល់ឲ្យជនរងគ្រោះវិញ)។
ជនរងគ្រោះ ឈ្មោះចែម កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៤២ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ដំណើររឿងហេតុនោះ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះបានឈរចាំបងស្រីចូលទិញផ្សិតមុខហាងម្ហូបបួសផ្ទះលេខ១៥៧៧ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញនិងយកទូរស័ព្ទដៃមកចុចលេង ស្រាប់តែមានជនសង្ស័យឈ្មោះសុខ បារាំង បានដើរមកតាមបណ្តោយផ្លូវ២២២ ពីទិសខាងលិចមកឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនទៅទិសខាងត្បូង ពេលនោះជនរងគ្រោះបានស្រែកឆោឡោរត់ដេញតាមពីក្រោយភ្លាមៗនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងដែលកំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យឈ្មោះសុខ បារាំង ភេទប្រុស អាយុ២៨ឆ្នាំ រួមជាមួយវត្ថុតាងទូរស័ព្ទដៃយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងតែម្តង។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនដោយឆ្លងតាមការធ្វើតេស្តទឹកនោម។ ចំពោះមុខ កម្លាំងខណ្ឌប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញ និងបានកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments