Ad Code

ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ជាមួយ​ថ្នាំញៀន​១គីឡូក្រាម



​ស្ទឹងត្រែង ៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ ឈ្មោះ ជឿ ហាយ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចាំ​មឺ​យ ស្រុក​ភុង​សាលី ខេត្ត​ភុង​សាលី ប្រទេស​ឡាវ​ ជាប់​ព្រំដែន​ប្រទេស​ចិន​ បាន​នាំយក​ថ្នាំញៀន​មួយ​គីឡូ​ក្រាម ​ចូលមក​ទឹកដី​ខេត្តស្ទឹងត្រែង ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​។​

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ បានធ្វើ​ឡើង​នៅ​ចំណុច​ស្ពាន​ទី​២​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃទី​៨​ ខែ​ឧសភា ឆ្នាំ​២០១៩ រួមជាមួយ​ថ្នាំញៀន​មួយ​កញ្ចប់​ធំ​។​

លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ថា ក្រោម​ការ​បញ្ជា​ផ្ទា​ល់​ពី​លោក​មេបញ្ជាការ ​និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ជន​សង្ស័យ​ ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​មួយ​កញ្ចប់​ធំ ​និង​បាន​នាំ​ខ្លួន​មក​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​បន្ត​។​

ជនសង្ស័យ​ ឈ្មោះ ​ជឿ ហាយ ជា​ជនជាតិ​ឡាវ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​ព្រះរាជអាជ្ញា​ និង​សមត្ថកិច្ច​ថា ​របស់​នេះ​មិនមែនជា​របស់ខ្លួន​ទេ ​គឺមាន​មនុស្ស​ម្នាក់​ហុច​ឲ្យ​នៅ​ក្នុង​ផ្សារ​ខេត្ត​ភុង​សាលី​ប្រទេស​ឡាវ​ ដោយ​គេ​ឲ្យ​ឈ្នួល​ក្នុង​តម្លៃ​៥​លាន​គីប ស្មើ​២.៥០០.០០០​ប្រាក់​រៀល​ខ្មែរ ដើម្បី​ប្រគល់​ឲ្យ​គេ​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​តែ​មិនទាន់​បានប្រគល់​ឲ្យ​គេ​ផង ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។

ការ​ធ្វើ​តេស្ត​នៅ​ចំពោះ​មុខ លោក គឹម ហុង​សាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ជាក់ស្ដែង​ដែល​វត្ថុ​តាង​រឹបអូស​បាន​នេះ​ជា​ប្រភេទ​ថ្នាំញៀន​(​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​)​ មាន​ទម្ងន់​សរុប​១០៤៤,៧​ក្រាម ស្មើ​ទម្ងន់​សុទ្ធ​១០០២,៥​ក្រាម​។​

​សូម​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ នៅ​ដើមខែ​ឧសភា​នេះ ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​បទល្មើស​គ្រឿងញៀន ហើយ​ទាក់ទិន​ករណី​ខាងលើនេះ​ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ផង​ដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu