ឆៃ សារ៉ា អ្នកប្រដាល់កម្ពុជាសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃជើងចាស់ ឈួក ឆ័យ (Chhuok Chhai) នាយប់ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯកTV5 Knock Out Series by K.Cement រដូវកាលទី៥ ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនTV5 ព្រែកកំពឹស។
ឆៃ សារ៉ា និង ឈួក ឆ័យ មិនធ្លាប់ជួបគ្នាទេកន្លងមក។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ រវាង ឆៃ សារ៉ា និង ឈួក ឆ័យ មិនដឹងថា នរណាជាអ្នកឈ្នះទេសម្រាប់ការជួបគ្នាលើកដំបូងនេះ?។
ឈួក ឆ័យ ប្រដាល់ថៃរូបនេះ គេជាជើងចាស់ មានប្រវត្តិប្រកួតចំនួន៧៦លើក ដោយវាយឈ្នះ៦៥លើក ចាញ់១១លើក មិនដែលស្មើ។ គេមកប្រកួតលើកចុងក្រោយនៅស្រុកខ្មែរ គឹបានផ្តួលចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
ឆៃ សារ៉ា មិនដឹងថា អាចយកឈ្នះអ្នកប្រដាល់ថៃរូបនេះបានឬអត់នោះទេ ? ត្បិតឈួក ឆ័យ ជាជើងខ្លាំងម្នាក់ដែលពិបាកនឹងយកឈ្នះបាន។
ឈួក ឆ័យ តាមប្រវត្តិប្រកួតរបស់គេកន្លងមក គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ដែលក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់កម្ពុជាកន្លងមក គេមិនត្រឹមតែធ្លាប់ឈ្នះឡៅ ចន្ទ្រា ជើងខ្លាំងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១នោះទេ គឺគេធ្លាប់វាយឈ្នះឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាយើងដោយពិន្ទុទៀត។ ប៉ុន្តែមកម្តងទៀត គេវាយចាញ់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡាក្នុងទឹកទី២ ដោយសារសុខហ៊ុច ទាត់ឲ្យខូចជើង។ ហើយមកលើកក្រោយនេះ គេផ្តួលសេង ស្រឿន ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង ឲ្យសន្លប់ក្នុងទឹកទី១ និង ផ្ដួល ចាន់ ប៊ុនហឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣ទៀត។
តាមក្រុមអ្នកវិភាគប្រដាល់ថា ឆៃ សារ៉ា មិនអាចទៅរួចជាមួយឈួក ឆៃ នេះ បានឡើយ។ តែសម្រាប់លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនោះ ឲ្យដឹងថា ឆៃ សារ៉ា គេល្អ និងខ្លាំងជាងមុន ដោយសារតែកន្លងមកថ្មីៗនេះ សារ៉ា បានផ្ដួលកីឡាករថៃឲ្យបោះបង់ចោលការប្រកួតតែក្នុងមួយទឹកទី១ប៉ុណ្ណោះ ដូច្នេះសារ៉ា មិនខ្សោយទេ ហើយមួយទៀតសារ៉ា មានទម្ងន់៦៧គីឡូក្រាម ខណៈដែល ឈួក ឆ័យ មានទម្ងន់តែ៦៥គីឡូក្រាម។
ក្នុងស្ថិតិប្រកួតចំនួន៩៥លើកនោះ ឆៃ សារ៉ា ឈ្នះ៧៧លើក ចាញ់១៦លើក ស្មើ០២លើក និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ជាច្រើននាក់។ ចាំមើល រវាងឆៃ សារ៉ា និង អ្នកប្រដាល់ថៃឈួក ឆ័យ តើនរណាជាអ្នកឈ្នះក្នុងការជួបគ្នានេះ?៕
Source: Kampuchea Thmey Daily
0 Comments