ភ្នំពេញ ៖ ស្របពេលដែលចូលបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ដែលរៀបចំឡើងដោយលោក អ៊ុក ណារីន នោះគឺតារាស្រីអ្នកនាងសឿ សុធារ៉ា ភ្លាមៗនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍និងដាក់ការសង្ស័យថា អ្នកនាង និងស្វាមីលោក សាពូន មីដាដា អាចនឹងត្រឡប់មកកាន់វិថីសិល្បៈជាថ្មីឡើងវិញ។
ដើម្បីឆ្លើយតបនឹងចម្ងល់មហាជន ឬបញ្ជាក់ពីគោលបំណងរបស់ខ្លួននេះដែរ អ្នកនាង សឿ សុធារ៉ា បានធ្វើការរៀបរាប់ភ្ជាប់នឹងសំណេរអះអាងបែបនេះថា នាង និងលោក សាពូន មីដាដា អត់មាន បំណងត្រឡប់ថយក្រោយ(វិលចូលសិល្បៈ)នោះទេ។ ប៉ុន្តែអ្វីដែលគ្រួសារអ្នកនាងទទួលឡើងក្នុងកម្មវិធីនោះ គឺដោយសារតែចង់ប្រកាសបំណងមួយជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ដែលនាងលើកឡើងថាបើមិនបានសម្រេច គឺមិនអស់ចិត្តឡើយ។
តារាស្រីធ្លាប់មានឈ្មោះល្បីលើវិថីសិល្បៈច្រើនឆ្នាំ អ្នកនាង សឿ សុធារ៉ា និយាយបន្តទៀតថា ដោយសារតែការនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចតេជោ ហ៊ុន សែន ដែល នាងតែងហៅថា សម្ដេចតេជោ មហាវីរបិតាសន្តិភាពជាតិខ្មែរ ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីចម្រៀងគ្រួសារដោយហេតុថា សម្ដេច តែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។
អ្នកនាង សឿ សុធារ៉ា បញ្ជាក់ថា ខ្ញុំ និងគ្រួសារ ពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលខ្ញុំនិងស្វាមី បានបកស្រាយបទចម្រៀង ហើយត្រូវបាន សម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូលComment សួរសុខទុក្ខខ្ញុំ និងស្វាមី ព្រមទាំងកូនទាំង២នៅក្នុងថ្ងៃនោះ។ នេះជាអ្វីដែលខ្ញុំ និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថា ខ្លួន និងគ្រួសារនៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ជាលក្ខណៈគ្រួសារដើម្បីតាំងក្នុងផ្ទះ។
តារាស្រីរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៩ នេះបើអ្នកនាង និងគ្រួសារមិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចទាំងពីរ ដើម្បីយកមកផ្ដិតតាំងក្នុងផ្ទះនោះទេ គឺអ្នកនាង នឹងមិនអស់ចិត្តឡើយ ព្រោះក្តីប្រាថ្នារបស់នាង និងស្វាមី គឺចង់មានរូបថតមួយសន្លឹកជួបជុំគ្រួសារជាមួយសម្ដេចទាំងទ្វេ ដើម្បីឲ្យកូនៗបានមើល និងទុកមើលជាអនុស្សាវរីយ៍ ហើយនេះគឺជាបំណងធំតែមួយគត់ដែលអ្នកនាងចង់បានក្នុងឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments