Ad Code

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ស្ពឺ​ បន្ត​ការ​សាកសួរ​បំភ្លឺ​បន្ថែម​ពី​ប្រពន្ធ​ឃាតក ​ដែល​បាញ់​សម្លាប់​គ្រូ​កីឡា​ដោយសារ​ភ្លើង​ប្រចណ្ឌ



កំពង់ស្ពឺ ៖ ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កំពុង​បន្ត​នីតិ​វិធី​សាកសួរ​បំភ្លឺ​បន្ថែម​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​ដៃដល់​ជា​ឃាតក​ក្នុង​ការ​បាញ់​សម្លាប់​គ្រូបង្រៀន​ផ្នែក​កីឡា​ពាក់ព័ន្ធ​រឿង​សហាយ​ស្មន់​ជាមួយគ្នា។

លោក​វរសេនីយ៍ឯក​សម​សាក់​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​០៩ ​ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ​ថា​ ករណី​ឃាតកម្ម​បាញ់សម្លាប់​គ្រូបង្រៀន​ផ្នែក​កីឡា​នៅ​អនុវិទ្យាល័យ​ហោម​សំណំ​ស្រុក​ឱរ៉ាល់​នោះ ​សមត្ថកិច្ច​ជំនាញ​កំពុង​ហៅ​ប្រពន្ធ​ឃាតក​ដើម្បី​មក​សាកសួរ​បន្ថែម​ និង​ស្វែង​​រក​វត្ថុតាង​ផ្សេងៗ​ទៀត។

លោក​សម ​សាក់​ បាន​បញ្ជាក់​ថា ​«​ជនសង្ស័យ​ ឈ្មោះ ជួន ធានី​រាសី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំ​ណើត ភូមិ​បា​ឡា​ត ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​មាន​ទីលំនៅ ភូមិ​៤ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ ដែល​បាញ់​សម្លាប់​ជនរងគ្រោះ​ជា​គ្រូបង្រៀន​បាន​សារភាព​ពី​មូលហេតុ​ នៃ​ការ​បាញ់សម្លាប់ ​គឺ​ដោយសារ​រឿង​ប្រចណ្ឌ​លួច​សហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន​»​។​

សូម​រម្លឹកថា ​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី ថ្ងៃ​ពុធ ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ​ខ្មាន់កាំភ្លើង​ បាន​ជិះ​ម៉ូតូ​ចូល​បាញ់​ប្រហារ​លើ​ជនរងគ្រោះ​ឈ្មោះ ទូច វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បណ្ដាលឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម ​ខណៈ​ពេល​កំពុង​ហូបបាយ​ជុំ​គ្នា​ជាមួយ​គ្រូ​ដទៃទៀត​នៅ​ខ្ចូស​ ​ក្នុង​សាលារៀន​។​

ហេតុការណ៍​បាញ់ប្រហារ​នេះ​ កើតមានឡើង​នៅ​សាលា​អនុវិទ្យាល័យ​តាំង​របង ក្នុង​ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។

នគរបាល​បានឲ្យ​ដឹងថា ​ជន​ល្មើសមាន​ឈ្មោះ ជួន ធានី​រាសី ភេទ​ប្រុស ឆ្នាំ​កំណើត ១៥-០៤-១៩៩០ មាន​ស្រុក​កំ​ណើត​ភូមិ​បា​ឡា​ត ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​៤ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មុខរបរ ជាង​ធ្វើ​មាស មាន​ប្រពន្ធ​ឈ្មោះ សុខ ស្រី​នាង​។

មន្ត្រីនគរបាល ​បានចាត់ទុក​ករណីនេះ​ ជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​បាញ់សម្លាប់​បុរស​ម្នាក់​ជា​គ្រូបង្រៀន​ នៅ​អនុវិទ្យាល័យ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើត​ហេតុតែ​ម្តង​។​

ជនល្មើស​បាន​ប្រើប្រាស់​អាវុធខ្លី មួយ​ដើម ម៉ាក K54 ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ម៉ាក Honda C70 គប់​ជ្រុង ពណ៌ទឹកប៊ិច ស្លាក​លេខ 1A-8250 បន្ទាយមានជ័យ ចូល​សំដៅ​មក​អែប​របង​សាលារៀន​គាប់​ជួន​ជន​រង​គ្រោះ​កំពុង​ហូបបាយ​ជុំ​គ្នា​ជាមួយ​គ្រូបង្រៀន​ដទៃ​ទៀត នៅ​ខ្ចូ​ស​ក្នុង​សាលារៀន​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ឲ្យ​ដឹង​ថា ជនល្មើស​បាន​ព្យាយាម​រត់គេចខ្លួន​ដោយ​បោះចោល​អាវុធ​ខ្លី​ក្នុង​គុម្ព​ស្មៅ រត់​សំដៅ​ទៅ​ថ្នល់ជាតិ ប៉ុន្តែ​ដោយមាន​កិច្ចសហការ​ល្អ​ និង​មានការ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​ចុះ​ហ៊ុម​ព័ទ្ធ​រុករក​និង​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ​ដោយ​ប្រើ​ពេលវេលា​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​។​

ក្រោយពេល​ឃាត់ខ្លួន​ដកហូត​បាន​វត្ថុតាង​រួមមាន ​៖​ អាវុធ​ខ្លី K54 មួយ​ដើម គ្រាប់​០៨​គ្រាប់ ម៉ូតូ មួយ​គ្រឿង ម៉ាក Honda គុប​ជ្រុង និង ​សម្ភារៈ​គ្រឿង​លោហៈ​ពណ៌​លឿង ពណ៌​ស ឯកសារ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត​។​

ឃាតក​បាញ់សម្លាប់​គ្រូបង្រៀន​ផ្នែក​កីឡា​បាន​សារភាព​ថា​ «​ធ្លាប់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ​ចោទ​ប្រកាន់​ថា​ ជនរងគ្រោះ​ទាក់ទង​ស្នេហា​ជាមួយ​ប្រពន្ធ​ខ្លួន​ បន្ទាប់ពី​ខ្លួន​បាន​លះលែង​ប្រពន្ធ​អស់​រយៈ​ពេល​ប្រហែល​៥​ខែ ​មូលហេតុ​លះលែង​មកពី​ជនរងគ្រោះ​ និង​ប្រពន្ធ​លួចលាក់​សហាយ​ស្មន់​ជា​មួយគ្នា​។​

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ស្គាល់​បុរស​ជា​ឃាតក​ធ្លាប់​ចេញចូល ​និង​ស្គាល់​មន្ត្រី​យោធា​ភូមិភាគ​៣​មួយ​ចំនួន​។​ ដូច្នេះ​កាំភ្លើង​ដែល​ឃាតក​ប្រើ​ក្នុង​ការ​បាញ់សម្លាប់​មនុ​ស្ស​ក៏​អាចមាន​ប្រភព​ចេញពី​មន្ត្រី​យោធា​ខិលខូច​នោះ​ក៏​ថា​បាន។

បច្ចុប្បន្ន​ ជន​ល្មើស​ ត្រូវ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu