ភ្នំពេញ ៖ យុវជនក្មេងៗ២នាក់ អាយុក្រោម២០ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាប់ខ្លួន ចោទប្រកាន់ពីបទកាន់កាប់អាវុធ(ដាវ)ខុសច្បាប់ កាលពីម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ខណៈពួកគេកំពុងធ្វើដំណើរ។
មន្ត្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឲ្យដឹងថា បុរសក្មេងៗចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក និងកាន់កាប់ដាវជាអាវុធខុសច្បាប់ដែលសមត្ថកិច្ចបានរកឃើញដាក់នៅជាប់ម៉ូតូត្រង់.ក ខណៈដែលពួកគេកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកនិក ពាក់ស្លាកលេខ ខេត្តកំពង់ចាម 1S.0684 នៅតាមផ្លូវបេតុងមួយក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ប៉ូលិសបានបញ្ជាក់ថា ជនដែលត្រូវបានឃាត់ខ្លួនខាងលើ ឈ្មោះ សេង លាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ និងម្នាក់ទៀត ឈ្មោះ សៀ ស៊ីម ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសំរោង សង្កាត់ឃ្មួញ។
ប៉ូលិសបានលើកឡើងថា ការដែលសមត្ថកិច្ចបានចោទថា ដាវជាអាវុធខុសច្បាប់នោះ ដោយសារកន្លងមកមានប្រជាជនរងគ្រោះជាច្រើននាក់បានស្លាប់ និងខ្លះទៀតបានបាត់បង់ទ្រព្យសម្បត្តិ ខណៈធ្វើដំណើរតាមផ្លូវ ជាពិសេសពេលយប់ ដោយសារតែអំពើប្លន់ដោយជនល្មើស បានប្រើដាវ ឬកាំបិតពូថៅ មកកាប់សម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ យ៉ាងអយុត្តិធម៌។
ហេតុនេះគ្រប់ជនស៊ីវិលទាំងឡាយណា ដែលធ្វើដំណើរក្នុងក្រុងពេលយប់ ឬថ្ងៃក្តី បើមានដាក់ដាវតាមខ្លួននៅពេលសមត្ថកិច្ចដឹង នឹងត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការដែរ ដូចគ្នានឹងករណីជនទាំង២នាក់ខាងលើនេះដែរ ព្រោះជាច្បាប់៕
Source: Kampuchea Thmey Daily
0 Comments