Grab ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរដោយការហៅតាមកម្មវិធីទូរស័ព្ទមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបានបង្គាប់ឱ្យធនាគារមួយចំនួនដើម្បីទាក់ទងវិនិយោគិនដ៏មានសក្ដានុពលឱ្យយកភាគហ៊ុនភាគតិចក្នុងមុខជំនួញសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនស្របពេលដែលក្រុមហ៊ុននេះគ្រោងបែងចែកអង្គភាពរបស់ខ្លួន។
ក្រុមហ៊ុន Grab បានដាក់ចេញនូវយុទ្ធសាស្ត្រឈ្លានពានដើម្បីពង្រីកសេវាកម្មរបស់ខ្លួនពីសេវាដឹកជញ្ជូនអ្នកដំណើរទៅជាសេវាដឹកជញ្ជូននិងទូទាត់ម្ហូបអាហារខណៈដៃគូប្រកួតប្រជែងគឺ Go-Jekរបស់ឥណ្ឌូណេស៊ីដើម្បីក្លាយជាកម្មវិធីទូរសព្ទដែលមានសព្វគ្រប់បែបយ៉ាងក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនសរុបប្រហែល៦៥០ពាន់លាននាក់។
ប្រភពមួយក្នុងចំណោមប្រភពច្រើនទៀតបាននិយាយថាធនាគារនិងក្រុមហ៊ុនធានារ៉ាប់រងជាច្រើនគឺជាភាគីដែលស្ថិតក្នុងចំណោមវិនិយោគិនដែលមានសក្ដានុពលសម្រាប់អាជីវកម្មសេវាកម្មហិរញ្ញវត្ថុរបស់ Grab ហើយបានបន្ថែមថាគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមនៅឡើយ។
ប្រភពមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា Grab កំពុងតែរកប្រាក់ចំណូលបន្ថែមប្រហែលតិចជាង៥០០លានដុល្លារតាមរយៈការបែងចែកនេះ។
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធថា Grab កំពុងពិចារណាបែងចែកការទូទាត់និងមុខជំនួញសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។
យ៉ាងណាមិញអ្នកនាំពាក្យរបស់ក្រុមហ៊ុន Grab បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយឡើយជុំវិញការបែងចែកនេះតែបាននិយាយថា ក្រុមហ៊ុនតែងតែវាយតម្លៃរចនាសម្ព័ន្ធទុនរបស់មុខជំនួញនានារបស់ខ្លួនជានិច្ច៕ REUTERS
Source: Kampuchea Thmey Daily
0 Comments