ក្រុមហ៊ុន Samsung Electronics បានលើកឡើងកាលពីថ្ងៃអង្គារថា ខ្លួនមិនអាចបញ្ជាក់ច្បាស់ពីពេលវេលានៃការដឹកជញ្ជូនទូរស័ព្ទបត់បានរបស់ខ្លួនគឺម៉ូដែល Galaxy Fold បាននៅឡើយទេ និងបានសុំទោសដល់អតិថិជនដែលបានកុម្ម៉ង់ទុកមុននៅសហរដ្ឋអាមេរិកជុំវិញការពន្យារពេលនេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលរបស់ពិភពលោកមួយនេះបានពន្យារពេលលក់ទូទាំងពិភពលោកនូវទូរស័ព្ទបត់បានដែលមានតម្លៃ១,៩៨០ ដុល្លារវិញបន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យបានរកឃើញបញ្ហាមួយចំនួនទាក់ទងនឹង Display របស់វាដោយបានធ្វើឱ្យក្រុមហ៊ុនត្រូវអាម៉ាស់ បន្ទាប់ពីព្យាយាមបង្ហាញពីគំនិតច្នៃប្រឌិតថ្មីនិងប្លែកមួយនេះ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Samsung នៅសហរដ្ឋអាមេរិកបានផ្ញើអ៊ីម៉េលកាលពីល្ងាចថ្ងៃច័ន្ទដោយមានការយល់ព្រមពីអ្នកនាំពាក្យរបស់Samsungទៅកាន់អតិថិជនដែលបានធ្វើការកុម្ម៉ង់ទិញទូរស័ព្ទ Galaxy Fold ថា "បើខាងយើងខ្ញុំមិនបានដំណឹងអ្វីពីអ្នកហើយខាងយើងមិនបានដឹកជូនត្រឹមថ្ងៃ៣១ឧសភាទេនោះ បានន័យថាការបញ្ជាទិញនេះនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិហើយ"។
Samsung បាននិយាយថាខ្លួននឹងគ្រោងផលិតទូរស័ព្ទបត់បាននេះហោចណាស់ឱ្យបាន១លានគ្រឿងក្នុងឆ្នាំដំបូងប្រៀបធៀបជាមួយទូរស័ព្ទ៣០០លានគ្រឿងដែលខ្លួនបានផលិតជាមធ្យមក្នុងមួយឆ្នាំ។គួរបញ្ជាក់ថាក្រុមហ៊ុនយក្សមួយនេះបានបិទការកុម្ម៉ង់មុនរបស់ Galaxy Fold មុនពេលកំណត់ដោយអះអាងថាព្រោះតែមានការកុម្ម៉ង់ច្រើនលើសលប់ពេក៕ REUTERS
Source: Kampuchea Thmey Daily
0 Comments