Ad Code

ប៉ោ ភា​រិ​ទ្ធ អាច​សងសឹក​លំ ឡេង បាន​ឬ​អត់​?



អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា​ប៉ោ ភា​រិ​ទ្ធ ឬ​យ៉េន ឌី​ណា ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ថៃ លំ ឡេង (Loom Leng) នៅលើ​សង្វៀន TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍​ ទី ១១​ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

លំ ឡេង អ្នក​ប្រដាល់​ថៃ ដែល​មកជួប​ប៉ោ ភា​រិ​ទ្ធ នេះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៣,៥០០ ហើយក៏​ជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប្រមាណ​១២​លើក​ហើយ​កន្លងមក។​ ក្នុង​នោះ ធ្លាប់​ឈ្នះ​ប៉ោ ភា​រិ​ទ្ធ​ ដោយ​ពិន្ទុ កាលពី​ជួបគ្នា​ថ្ងៃទី​៣១ ខែ​មីនា​ ឆ្នាំ​២០១៧​កន្លងទៅ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ ដែល​មិន​ងាយ​មាន​នរណា​វាយ​ឈ្នះ​គេ​ទេ​។ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខណៈ​បច្ចេកទេស ទាំង​កណ្តាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មាន​កំប្លេ​តែម្តង។ លំ ឡេង ធ្លាប់​មក​ប្រកួត ​និង​ធ្លាប់​ឈ្នះ ​និង​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់ ហើយ​កន្លងមក​។ ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៦​លើក​ចាញ់​១២​លើក និង​ស្មើ​០២​លើក។ ឯ នៅ​ស្រុកថៃ​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់​ដែរ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គ​.​ក្រ​នេះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​វាយ​ខ្លាំង​ និង​ល្អ។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា អាច​ឈ្នះ​ប៉ោ ភា​រិ​ទ្ធ​បាន​នោះឡើយ ហើយ​ប៉ោ ភា​រិ​ទ្ធ​ ក៏​មិនដឹងថា​អាច​យកឈ្នះ​លំ ឡេង​នេះ បាន​ឬ​អត់​នោះដែរ ? ព្រោះ​ប៉ោ ភា​រិ​ទ្ធ មួយ​រយៈ​ពេល​ប្រហែល​១​ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​ឃ្លាត​ចោល​សង្វៀន​ប្រដាល់​ហើយ​មុន​បាត់​មុខ​នេះ​សោត​ទៀត ភា​រិ​ទ្ធ​ ក៏​ស្រុត​ធ្លាក់​ចុះខ្សោយ​ជាង​មុន​ច្រើន​ដែរ។​

ប៉ោ ភា​រិ​ទ្ធ ពីមុន​ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ។ គេ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ។ ភា​រិ​ទ្ធ មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​ចុះ​ខ្សោយ​ដោយ​វាយ​ចាញ់​ថៃ​ជា​បន្តបន្ទាប់។

លំ ឡេង អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ស្មើគ្នា​ជាមួយ​ប៉ោ ភា​រិ​ទ្ធ​បន្តិច គឺ​១,៦៧​ម៉ែត្រ​ដូចគ្នា ហើយ​ប្រវត្តិ​ប្រកួត​របស់​ប៉ោ ភា​រិ​ទ្ធ ក៏​ប្រហាក់ប្រហែល​ថៃ​ដែរ គឺ​ចំនួន​៧៨​លើក ឈ្នះ​៦២​លើក ចាញ់​១២លើក និង ស្មើ​០៤​លើក។​ចាំមើល ប៉ោ ភា​រិ​ទ្ធ គេ​អាច​យកឈ្នះ​លំ ឡេង សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​និង​ខ្លួនឯងបាន​ឬ​អត់​?។​
​គួរ​បញ្ជាក់ថា លំ ឡេង កាលពី​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៩ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​កម្ពុជា សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង​ក្នុង​ទឹក​ទី​៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu