ភ្នំពេញ ៖ ផ្សាររាត្រីជាចំណុចចាប់ផ្ដើមនៃអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរ។ ប្រជាពលរដ្ឋក្នុងរាជធានីស្រេកឃ្លានទៅនឹងការរកចំណូលពីទីផ្សាររាត្រី។ នេះជាការលើកឡើងរបស់លោកត្រាក់ ថៃសៀង អភិបាលរងរាជធានីក្នុងឱកាសបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខណ្ឌឆ្នាំ២០១៤សម្រាប់អនុវត្តនៅឆ្នាំ២០១៥ក្នុងខណ្ឌទួលគោកកន្លងទៅថ្មីៗនេះ។
លោកត្រាក់ ថៃសៀង អភិបាលរងរាជធានីមានប្រសាសន៍ថា ផ្សាររាត្រីដែលរាជធានីរៀបចំឡើងដូចជាផ្សាររាត្រីទន្លេបាសាក់ជាប្រភពចំណូលនិងជាការទាក់ទាញដល់ភ្ញៀវទេសចរដែលមានបំណងចូលទីផ្សាររាត្រី។ បើនាំគ្នាចូលកម្សាន្តខារ៉ាអូខេមិនប្រសើរដូចជានាំគ្រួសារកូនចៅចូលទីផ្សាររាត្រីនោះឡើយ ពីព្រោះពេលដែលនាំគ្នាចូលផ្សាររាត្រីបានឱកាសជជែកគ្នា ដើរកម្សាន្ត មានភាពសុខដុមរមនាក្នុងគ្រួសារ ម្យ៉ាងផ្សាររាត្រីអាចស្រូបបាននូវភ្ញៀវទេសចរបរទេសច្រើនទៀត។ លោកអភិបាលរងរាជធានីបន្តថា ក្នុងភូមិសាស្ត្រខណ្ឌទួលគោកជាចំណុចកណ្ដាលរាជធានីភ្នំពេញគួរតែរៀបចំជាផ្សាររាត្រីមួយកន្លែងក្នុងខណ្ឌអាចនឹងក្លាយជាទេសចរប្រជាប្រិយក្នុងស្រុក។ ផ្សាររាត្រីក្នុងរាជធានីដែលកើតមានជាយូរឆ្នាំមកហើយមានផ្សាររាត្រីផ្សារចាស់ និងផ្សាររាត្រីបង្កើតថ្មី«ផ្សារសម្បត្តិទន្លេបាសាក់» ដែលបានទាក់ទាញប្រមូលទាំងអ្នកអាជីវករ និងបានគាំទ្រអតិថិជនក្នុងស្រុកពិសេសភ្ញៀវទេសចរបរទេសចូលមកកម្សាន្តក្នុងរាជធានីភ្នំពេញនេះតែម្តង៕

0 Comments