ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងដោយបដិសេធថា ក្រសួងធនធានទឹក និងឧតុនិយមមិនមានការពាក់ព័ន្ធការធ្វើអាជីវកម្មបូមខ្សាច់នៅទូទាំងប្រទេសនោះទេ។ ការចេញអាជ្ញាប័ណ្ណជាតួនាទីរបស់ក្រសួងរ៉ែ និង ថាមពល។
ការបដិសេធនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូនេះ ក្រោយពីមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រសួងធនធានទឹក និងគណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ ជាអ្នកចេញ អាជ្ញាប័ណ្ណ និងព្រមាន លុបអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់នៅទូទាំងប្រទេស។លោក ចាន់ យុត្ថាបានថ្លែងទៀតថាគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និងក្រសួងធនធានទឹក ដែលមាន រដ្ឋមន្ត្រី លឹម គាន ហោ ជាប្រធានមិនមានសិទ្ធិចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីកម្មបូមខ្សាច់នោះទេ ។
លោកបន្ថែមថា គណៈកម្មាធិការមានសិទ្ធិត្រួតពិនិត្យ បទដ្ឋានបច្ចេកទេស ទីតាំងមុននិងឲ្យធ្វើអាជីវកម្ម គណៈកម្មាធិការ រួមនិងស្ថាប័នពាក់ព័ន្ធមានក្រសួងបរិស្ថាន រដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធដទៃទៀតចុះពិនិត្យមើលថា«តើទីតាំងហ្នឹង ទន្លេ ច្រាំង ប៉ះពាល់ អ្វីខ្លះ កន្លែងហ្នឹងវាយ៉ាងម្តេច តើអាចអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មបានទៀត ឬមិនអនុញ្ញាត» ។
លោកបន្តថាការប្រកាសឲ្យម្ចាស់អាជីវកម្មមកបំពេញលក្ខណៈបច្ចេកទេសថ្មីឡើងវិញ តាមគោលការណ៍ ១ឆ្នាំ គឺត្រូវធ្វើឡើងនិងពិនិត្យឡើងវិញម្តង។ ម្យ៉ាងដោយសារគណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ ទើបរៀបចំសមាសភាពថ្មី ក្នុងអាណតិថ្មី កន្លងមកយើងមិនបានអោយម្ចាស់អាជីវកម្មមកបំពេញបែបបទទេ។ ប៉ុន្តែឥឡូវសមាសភាពថ្មីមានហើយ ដូច្នេះម្ចាស់អាជីវកម្មត្រូវមកបំពេញលក្ខណៈបទដ្ឋានបច្ចេកទេសថ្មីឡើងវិញ។
អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងទៀតថា គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ និងក្រសួងធនធានទឹក ដែលមានលោករដ្ឋមន្ត្រី លឹម គានហោ ជាប្រធាន មិនមានការពាក់ព័ន្ធនិងការចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីកម្មបូបខ្សាច់នោះទេ ។ជាមួយគ្នានោះលោកបញ្ជាក់ថា បើសិនម្ចាស់អាជីវកម្មទាំងអស់មិនមកបំពេញលក្ខណៈបទដ្ឋានបច្ចេកទេសឡើងវិញទេ ទីតាំងទាំងនោះមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មជាដាច់ខាត ព្រោះលក្ខណៈបច្ចេកទេសចាស់បានអស់សុពលភាពហើយ។
សូមរំលឹកថា ប្រធាន គណៈកម្មាធិការ គ្រប់គ្រងធនធានខ្សាច់ មានលោក លឹម គានហោ បានមានប្រសាសន៍ក្រោយពីជំនួបបិទទ្វារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ប៉ុល ហំម ប្រធានគណៈកម្មការកាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ដោយលោកបានព្រមានចាត់វិធានការដល់ក្រុមអ្នកធ្វើអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេ ព្រែក និងសមុទ្រដែលគ្មានច្បាប់អនុញ្ញាត ត្រូវចាប់ និង រឹបអូសយកសម្ភារៈទាំងអស់ទុកជាសម្បត្តិរដ្ឋ ហើយលោកបានអំពាវនាវឱ្យក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ទាំងអស់ ទៅដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណធ្វើអាជីវកម្មសារជាថ្មី ព្រោះថាអាជ្ញាប័ណ្ណចាស់អស់សុពលភាពហើយ៕

0 Comments