Ad Code

រថយន្ត បើក​បុក​គោ​០៣​ក្បាល ០១ក្បាលងាប់ និង​០២ក្បាល​ទៀត​បាក់ជើង​


កំពង់ឆ្នាំង ៖ រថយន្ត​ធុន​ធំ​០១​គ្រឿង​ដឹក​លូ​ជ័រ​ឲ្យ​អង្គការ​ចៃ​ការ​ ដោយ​ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់ឆ្នាំង បាន​បើក​បុក​គោ​ទាំង​ព្រឹក​ព្រលឹម​បណ្ដាល​ឲ្យ​ងាប់​០១​ក្បាល ​និង ​របួស​បាក់ជើង​០២​ក្បាល នៅ​ពេល​ដែល​ម្ចាស់​របស់​គោ​ដេញ​ឆ្លងផ្លូវ​ទៅ​ឃ្វាល​នៅ​ឯ​មាត់បឹង។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៨​នាទី​ព្រឹក​ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវបំបែក​ជាប់​របង​សាលា​វិទ្យាល័យ​សុរាម្រិត ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។​


ស្ត្រី ឈ្មោះ ញឹក ចាន់​ឌី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ធម្មយុត្ត សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង​ ដែល​ជា​ម្ចាស់​គោ​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ​ប្ដី​របស់​គាត់​ឈ្មោះ គឹម ឆៃ បាន​ដេញគោ​ទាំងអស់​០៧​ក្បាល​ឆ្លងផ្លូវ ដើម្បី​យក​ទៅ​ឃ្វាល​នៅ​ឯ​មាត់បឹង​ធំ​ ពេល​ដេញ​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ ក៏​ស្រាប់​តែ​មាន​រថយន្ត​ធុន​ធំ​០១​គ្រឿង​ដឹក​លូ​ជ័រ មក​បុក​ហ្វូងគោ​របស់​គាត់ បណ្ដាល​ឲ្យ​គោ​មេ​០១​ក្បាល​បុក​ចំកាង​រថយន្ត​ពីមុខ​ងាប់​ភ្លាមៗ និង​គោ​មេ​០២​ក្បាល​ទៀត​រង​របួស​បាក់ជើង​ទាំង​០២​ក្បាល។​

ករណីនេះ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ករណីនេះ​រថយន្ត​ជា​អ្នក​ខុសពី ព្រោះ​នៅ​ចំណុច​កើតហេតុ​ខាងលើ គឺ​មាន​ផ្លាក​សញ្ញា​នៅ​ទីនោះ ដែល​បញ្ជាក់​ថា​ ទីនេះ​មាន​សត្វ​ពាហនៈ​ឆ្លងកាត់ ដូច្នេះ​អ្នក​ធ្វើ​ដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ​ពេល​ឃើញ​ផ្លាក​សញ្ញា​នេះ​ត្រូវតែ​បង្អង់​ល្បឿន​ប្រុងប្រយ័ត្ន​ជានិច្ច។ តែបើ​គោ​វា​ដើរ​ឆ្វាត់ឆ្វែង​គ្មាន​ម្ចាស់​ដេញ​ឬ​ដឹក ពេល​ជួប​គ្រោះថ្នាក់​ខាង​គោ​ត្រូវតែ​សង​ការខូចខាត​ទៅ​ខាង​យានយន្ត ក្នុងករណី​ខាង​លើ​នេះ​គឺ​ម្ចាស់​គោ​កំពុងតែ​ដេញគោ​ឆ្លងផ្លូវ​ហើយ​រថយន្ត​មក​បុក​រះ​បែបនេះ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ភាគី​ទាំង​០២ ចរចា​គ្នា​រួម​មក​នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្នុង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ភាគី​ទាំង​០២​បាន​ស្រុង​ស្រួល​គ្នា​ដោយ​សុខចិត្ត ជួសជុល​ការខូចខាត​រៀងៗ​ខ្លួន​គ្មាន​អ្នកណា​សង​អ្នកណា​នោះ​ឡើយ ដែល​គេ​យល់​ថា​មាន​កំហុស​រៀងខ្លួន មកពី​មិន​យល់​អធ្យាស្រ័យ​គ្នា​ទើប​មាន​គ្រោះថ្នាក់​បែបនេះ៕

Post a Comment

0 Comments

Close Menu