ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យនឹងជួបប្រកួតជាមួយជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១នៅលើសង្វៀនបាយ័នស្ទឹងមានជ័យនាល្ងាចថ្ងៃសៅរ៍ទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ។
នេះជាការជួបគ្នាលើកដំបូងរវាងអ្នកប្រដាល់ទាំងពីរនាក់នេះ។ ពីរនាក់នេះបានជួបគ្នានេះក៏ជាការទទូចសុំពីអ្នក ប្រដាល់ស្នេហាវិស័យកីឡាប្រដាល់ជាច្រើននាពេលកន្លងមកទើបបានមានការផ្គូផ្គងឲ្យជួបគ្នានាពេលនេះនោះ។ ឡៅ ចន្ទ្រា ជាជើងខ្លាំងស្រករក្រោយ។ គេមានផ្លែល្អនិងមានល្បិចកលប្រកួតខ្ពស់ដូចជាឡៅ ស៊ីណាតបងរបស់គេដែរ។ កណ្តាប់ដៃរបស់ចន្ទ្រា ក៏ខ្លាំងនិងធ្ងន់ដែរ។ ដូច្នេះសម្រាប់ការជួបគ្នាលើកនេះ គេមិនរំពឹងថាឡៅ ចន្ទ្រាចាញ់ឈឿន ឆៃដែន នោះឡើយ។ ការប្រកួតចុងក្រោយរបស់ចន្ទ្រា គឺវាយឈ្នះអ្នកប្រដាល់ថៃ Jack Nondengyim ដោយពិន្ទុកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះ។ ចន្ទ្រាប្រកួត៥០ដង ចាញ់តែ២ដងប៉ុណ្ណោះ ហើយធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់ចំនួន២៨ដង។
ឈឿន ឆៃដែន ក៏ជាជើងខ្លាំងមួយរូបដែរ និងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥៧គីឡូម៉ែត្រ ដូចជាឡៅ ចន្ទ្រាដែរ។ គេមានចិត្តប្រដាល់ធំ មានស្នៀតប្រដាល់ល្អ ទិចនិចប្រកួតល្អ តែមួយរយៈចុងក្រោយនេះ គេរាងស្រុតធ្លាក់ចុះច្រើន ដោយសារតែការអាក់ខានឡើងប្រកួតយូរនោះ។ និយាយរួម គេមិនបានឡើងប្រកួត ក៏ដូចជាមិនបានហ្វឹកហាត់ជាប់លាប់នោះដែរ។
មួយឆ្នាំ២០១៤នេះ ឆៃដែន ឡើងប្រកួតបានប្រហែល៤-៥ដងតែប៉ុណ្ណោះ។ ដោយសារតែយ៉ាងនេះ ធ្វើឲ្យគេធ្លាក់ចុះខាងកម្លាំង។ ការប្រកួតចុងក្រោយ ឆៃដែន វាយចាញ់ពិន្ទុ ផង់ សុភ័ស្សអ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ។ ទោះជាយ៉ាងណា រវាងអ្នកប្រដាល់ទាំងពីរនាក់នេះ ក្រុមអ្នកវិភាគប្រដាល់គេមិនមានទស្សន៍ទាយថា អ្នកណាឈ្នះអ្នកណាចាញ់នោះឡើយ។ ឈាន រស្មី អ្នកប្រដាល់ក្លឹបបង្ក្រាបគ្រឿងញៀនខេត្តរតនគិរី នឹងត្រូវប្រកួតជាមួយឃីម សាវ៉េត ដែលពីមុនមានឈ្មោះថាវីវ៉ាសាវ៉េត ក្លឹបព្រះខ័នរាជ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម។
ឃីម សាវ៉េត គេខានឃើញឡើងប្រកួតយូរមកហើយ តាំងពីចាញ់ក្នុងការប្រកួតជម្រុះជើងខ្លាំងបាកាសប៉ុន្មានឆ្នាំមុននេះ។ តែគេបានវិលត្រឡប់មកសង្វៀនវិញ ក្នុងឆ្នាំ២០១៤នេះ ដោយចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាម ហើយបានចាញ់ណាម ម៉ូរ៉ាក់ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបងក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ។
អ្នកប្រដាល់រូបនេះ មានកាយសម្បទាល្អខ្ពស់ដៃជើងវែង ស្នៀតប្រដាល់ក៏គ្រាន់បើដែរ។ ប៉ុន្តែលើកនេះប៉ះឈាន រស្មីនោះ ក៏បែបយ៉ាប់ដែរព្រោះរស្មីគេជាអ្នកប្រដាល់ជើងចាស់។ ចាំមើល រវាងឈាន រស្មី និងឃីម សាវ៉េតនេះ តើអ្នកណាជាអ្នកឈ្នះនោះ? មាស ឆូយ អ្នកប្រដាល់ក្លឹបសុភានូមានជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ៊ុំ កំសត់ អ្នកប្រដាល់ក្លឹបព្រៃទទឹងខេត្តបាត់ដំបង។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ដែលប្រកួតគ្នាទេកន្លងមក ។ អ៊ុំ កំសត់ ប្រកួតចុងក្រោយនេះ វាយឈ្នះឆៃ សារ៉ា អ្នកប្រដាល់ក្លឹបកីឡាក្រសួងការពារជាតិដោយពិន្ទុ។ ឯការប្រកួតចុងក្រោយរបស់មាស ឆូយវិញ គឺវាយចាញ់ប៊ិត ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុដែរ។ ម៉ន រិទ្ធី អ្នកប្រដាល់ក្លឹបការិយាល័យទី៥ កងទ័ពជើងគោក នឹងឡើងប្រកួតជាមួយភួង ពិសិដ្ឋ អ្នកប្រដាល់ក្លឹបតាឡីដំរីមានរិទ្ធ។ ពីរនាក់ជាអ្នកប្រដាល់ថ្មីដូចគ្នា ហើយសម្រាប់ការជួបគ្នានេះ ពុំដឹងថានរណាជាអ្នកឈ្នះនោះឡើយ៕

0 Comments