ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA) បានចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សារវាងអាជ្ញាធរជាតិអប្សរាកម្ពុជា និង សាធារណរដ្ឋកូរ៉េ លើគម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៤ ដោយមានម្ចាស់ហត្ថលេខីគឺ លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរាជាមួយលោកស្រី បែក ស៊ុកហី ប្រធានការិយាល័យ(កយកា)នៅកម្ពុជា។
លោកស្រី បែក ស៊ុកហី បានគូសបញ្ជាក់ថា ប្រទេសកូរ៉េមានមោទនភាពណាស់ដែលថ្ងៃនេះដែលបានបោះជំហានចូលក្នុងការអភិរក្ស និង ជួសជុលបេតិកភណ្ឌពិភពលោកតាមរយៈគម្រោងODA ជាលើកដំបូងដែលនឹងធ្វើឡើងនៅលើក្រុមប្រាសាទព្រះពិធូរនៃទឹកដីអង្គរ។ ប្រាសាទព្រះពិធូរ ជាក្រុមប្រាសាទសាសនាដែលមានតួប្រាសាទចំនួន០៥។ ប្រាសាទនេះបានទទួលរងនូវភាពទ្រុឌទ្រោមកាលពីរាប់រយឆ្នាំមុន ហើយមិនទាន់បានជួសជុលនៅឡើយទេ ហេតុនេះតាមរយៈកិច្ចសហប្រតិបត្តិការយើងនិងសង្ឃឹមថា អ្នកជំនាញកូរ៉េនឹងធ្វើការជួសជុលកែលំអឲ្យប្រាសាទមួយនេះមានភាពស្រស់ស្អាតដូចដើម និងមានភាពទាក់ទាញមិនចាញ់ប្រាសាទដទៃទៀងឡើយ។
លោកស្រី បែក ស៊ុកហី បាន បន្តថា ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលបានជំនួយប្រមាណ២២៤២ម៉ឺនដុល្លារពីការិយាល័យ(កយកា)កម្ពុជាដែលធ្វើឲ្យប្រទេសនេះជាប់លំដាប់ថ្នាក់លេខ០២ក្នុងចំណោមប្រទេសទាំងអស់ ដែលស្ថិតនៅក្រោមការផ្តល់ជំនួយរបស់(កយកា)។ហើយកាលពីឆ្នាំ២០១៣ ប្រទេសកូរ៉េ បានផ្តល់ជំនួយឥតសំណងនិងជំនួយកម្ចីមកកាន់ប្រទេសកម្ពុជាសរុបប្រមាណ៥៣០០ម៉ឺនដុល្លារ ជាជំនួយស្ថិតក្នុងលំដាប់ថ្នាក់លេខ០៥ក្នុងចំណោមប្រទេសម្ចាស់ជំនួយបរទេសនានាដែលបានផ្តល់មកកាន់ប្រទេសកម្ពុជា។
រដ្ឋាភិបាលកូរ៉េ និង (កយកា)មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលគម្រោង ODA បានចាប់ផ្តើមឆ្ពោះទៅកាន់ដំណាក់កាលមួយដែលថ្មី និងមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយអាចចូលរួមចំណែកក្នុងផ្នែកអភិរក្សបេតិកភណ្ឌជាតិពិភពលោកនេះ។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា គម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៃប្រទេសកម្ពុជាមានរយៈពេលបីឆ្នាំនិង ចំណាយថវិកា៤លានដុល្លារអាមេរិក ប្រាសាទនេះ ស្ថិតនៅខាងជើងប្រាសាទបាយ័នជ្រុងឆៀងខាងកើតបន្តិច។
លោកបានបន្តថា ចាប់តាំងពីរមណីយដ្ឋានអង្គរ ត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩២ ស្ថាប័នអន្តរជាតិជាច្រើនបានមករួមចំណែកក្នុងការអភិរក្សនិងជួសជុលប្រាសាទតំបន់អង្គរ។ ក្នុងចំណោមបណ្ដាប្រទេសមកពីអាស៊ី មានប្រទេសឥណ្ឌា ចិន ជប៉ុន និងប្រទេសឥណ្ឌូណេស៊ី។ ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយសំរាប់ព្រះរាជាណាចក្រកម្ពុជាដែលទទួលបានមិត្តអាស៊ីមួយទៀត ដែលជាប្រទេសជឿនលឿនក្នុងវិស័យសេដ្ឋកិច្ចនិងមានបច្ចេកវិទ្យាខ្ពស់ក្នុងការអភិរក្សប្រាសាទនិងសំណង់បុរាណនានា ដែលមានបំណងរួមចំណែកក្នុងការងារអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធូរនៅតំបន់អង្គរតាមរយៈភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ៕

0 Comments