ភ្នំពេញ ៖ កញ្ញា អុល សម្ផស្ស ដែលជាតារាសម្ដែង និង បង្ហាញម៉ូតខ្មែរដែលមិនសូវល្បីឈ្មោះមួយដួង ត្រូវបានមិត្តភក្ដិ និង ម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់នៅលើគ្រែ នៅក្នុងបន្ទប់លេខ១៦៧ក្នុងផ្ទះ ជួលលេខ៦៧-៦៨ តាមបណ្តោយផ្លូវបេតុងលេខ២០៦ ស្ថិតក្នុងភូមិ៩ ក្រុម៥៣ សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ។
តាមមិត្តភក្ដិតារារូបនេះបានឲ្យដឹងថា កញ្ញា អុល សម្ផស្ស មានអាយុ២៥ឆ្នាំ។ នាងជាតារា សម្ដែង និង បង្ហាញម៉ូដ មានសង្សារឈ្មោះ សុខ លី អាយុ៣៣ ឆ្នាំមានមុខរបរជាគ្រូបង្រៀន។ ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា នៅមុនពេលប្រទះឃើញនារីរងគ្រោះដេកស្លាប់លើគ្រែនោះ គឺបុរសជាសង្សារនារីរងគ្រោះបានទូរស័ព្ទមកប្រាប់មិត្តភក្ដិនារីរងគ្រោះ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ដោយបុរសជាសង្សារនារីរងគ្រោះបាននិយាយតាមទូរស័ព្ទឲ្យទៅមើលមិត្តភក្ដិនៅក្នុងបន្ទប់ផងប្រហែលមិនរស់ទេមើលទៅ ហើយក៏បិទទូរស័ព្ទទៅវិញតែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ មិត្តភក្ដិនារីរងគ្រោះក៏បានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះជួលឱ្យ ជួយទៅបើកទ្វារបន្ទប់របស់នារីរងគ្រោះមើល ក៏ប្រទះឃើញសពនារីរងគ្រោះដេកស្លាប់លើគ្រែនៅក្នុងបន្ទប់ជួល ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗក្រោយមក ម្ចាស់ផ្ទះជួលបានរាយការណ៍ព័ត៌មាននេះទៅឱ្យសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ ដោយជំហានដំបូងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពខាងលើនេះអាចស្លាប់ដោយសារចងកនឹងអង្រឹងនៅបង្អួច រួចទើបស្រាយទម្លាក់មកដាក់នៅលើគ្រែដេកជាក្រោយ ព្រោះនៅលើសាកសពនារីរងគ្រោះមានស្នាមជាំនៅត្រង់កផងដែរ។
បើតាមមិត្តភក្ដិនារីរងគ្រោះបានប្រាប់ឱ្យដឹងផងដែរថា កាលពីប៉ុន្មានថ្ងៃមុននារីរងគ្រោះបាន ឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយនៅមុនថ្ងៃធ្វើអត្តឃាតនេះ នារីរងគ្រោះក៏បាន ឈ្លោះប្រកែកគ្នាជាមួយនឹងសង្សារម្តងទៀត និងបានលេបថ្នាំងងុយដេកអស់២០គ្រាប់ ដើម្បីប៉ុនប៉ង សម្លាប់ខ្លួនផងដែរ តែមិនបានសម្រេច ព្រោះដោយសារម្ចាស់ផ្ទះជួលបានជួយបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ពេល។ រហូតមកដល់យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នារីរងគ្រោះដែលត្រូវបានមិត្តភក្ដិប្រទះឃើញដេកស្លាប់នៅលើគ្រែបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលធ្វើកោសល្យវិច័យរួច សពតារាសិល្បៈរូបនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ដោយគេមិនឃើញសាច់ញាតិ ឬបងប្អូនណាមួយទៅចូលរួមនោះទេ ពោលគឺមានតែអ្នកសិល្បៈដែលស្គាល់នាងមួយចំនួនប៉ុណ្ណោះមកចូលរួម៕

0 Comments