កណ្ដាល ៖ យុវជនវ័យ១៨ឆ្នាំចំនួន០២នាក់ បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមមួយរំពេច ខណៈដែលកំពុងជិះម៉ូតូបើកបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រែលក់ចំពេញទំហឹង ដោយឃើញហេតុការណ៍បែបនេះ អ្នកបើករ៉ឺម៉កបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ២ស្ថិតនៅភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះទី១-ឈ្មោះ សាំង បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស បើកម៉ូតូម៉ាកSuSUki Lat ពណ៌ស ពាក់ស្លាកលេខកណ្ដាល1R-1319 មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ទី២-ឈ្មោះ ឃុត ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស មានទីលំនៅភូមិតាដោល ឃុំអំពៅព្រែ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរជិះពីក្រោយ។
ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូរ៉ឺម៉កដឹកគ្រែពេញពីលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះខាងលើបើកយ៉ាងលឿន ដោយជិះពីត្បូងទៅជើង ស្រាប់តែឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រែមិនប្រកាន់ស្តាំបានបុកចំពេញទំហឹង បណ្ដាលឲ្យយុវជន០២នាក់បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ដោយឡែកសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅដ្ឋានរៀងៗខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

0 Comments