សៀមរាប ៖ សំណាកឆ្អឹងសត្វព្រៃដែលរៀបនឹងផុតពូជ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ រួមមាន ជំនាញរដ្ឋបាលព្រៃឈើ,អាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបានចុះទៅធ្វើការដកហូតឆ្អឹង,ស្នែង,ក្រពះសត្វព្រៃមួយចំនួននៅលំនៅដ្ឋានមួយកន្លែង កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីយកមកធ្វើការផាកពិន័យ។
នាយសង្កាត់រដ្ឋបាលព្រៃឈើ សៀមរាប លោក យឹម ស៊ីវន បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ខែមករាឆ្នាំ២០១៥នេះថា ការចុះទៅដកហូតសំណាកសត្វព្រៃនេះ ដែលមានការដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រមទាំងកម្លាំងជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋាន ឈានដល់ការដកហូតបាននូវវត្ថុតាងមួយចំនួនរួមមានៈឆ្អឹងសត្វតេះចំនួន៦គីឡូក្រាម,ស្នែងសត្វប្រើសចំនួន១គូរ,ស្មៅក្រពះសត្វតេះចំនួន០,៩គីឡូក្រាម។ លោកបន្តថា វត្ថុតាងទាំងអស់នេះត្រូវបានជំនាញដកហូតយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ រីឯជនល្មើសឈ្មោះ ទា ម៉ុយហួត ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិឃុំខាងលើ ត្រូវបានចោទពី(បទធ្វើពាណិជ្ជកម្មលើសំណាកសត្វព្រៃ) ព្រមទាំងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ដើម្បីឲ្យម្ចាស់រៀងចាល។
គួររំលឹកផងដែរថា លំនៅដ្ឋានលក់ត្រីក្រឹមខាងលើដែលមានម្ចាស់ឈ្មោះ ទា ម៉ុយហួត នេះត្រូវបានសមត្ថកិច្ចធ្វើការដកហូតម្តងរួចមកហើយ ប៉ុន្តែនៅមិនទាន់រៀងចាល ទើបសមត្ថកិច្ចសហការគ្នាចុះបង្ក្រាបម្តងទៀត៕

0 Comments