Ad Code

ឃាត់​ខ្លួន​ស្ត្រី​បម្រើ​ការ​ខារ៉ាអូខេ​បន្ទាយស្រី​ម្នាក់​សង្ស័យ​ពាក់ព័ន្ធ​លួច​ម៉ូតូ​លាក់​ទុក​មុខ​បន្ទប់​ជួល

ភ្នំពេញ​ ៖​ ស្ត្រី​បម្រើ​ការងារ​ខារ៉ាអូខេ​បន្ទាយស្រី​ម្នាក់​ត្រូវ​បាន​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​បន្ទាប់ពី​ជនរងគ្រោះ​រក​ម៉ូតូ​របស់​ខ្លួន​ដែល​បាត់​ឃើញ​នៅមុខ​បន្ទប់​ជួល​របស់​ស្ត្រី​នោះ​ ដែល​ត្រូវ​ប្រុស​ស្នេហ៍​នាង​លួច​យក​ទៅ​លាក់​ទុក​រួច​គេច​ខ្លួន​បាត់។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​១៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១​ ខែ​មករា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​គៀនឃ្លាំង ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​វ៉ា​ ផល្លី​ ហៅ​ស្រី​ពៅ ​អាយុ​២៥​ឆ្នាំ​ បម្រើ​ការងារ​ជា​នារី​ខារ៉ាអូខេ​បន្ទាយស្រី​ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ឃុំ​ប្រធាតុ ស្រុក​អូររាំងឪ​ ខេត្ត​កំពង់ចាម រីឯ​បុរស​សង្ស័យ​ដែល​រត់​គេច​ខ្លួន​បាត់​នោះ​ឈ្មោះ​ តយ អាយុ​ជាង​២០​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ខៀវ ស្រី​វ ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ស្នាក់នៅ​ម្តុំ​ភោជនីយដ្ឋាន​រំ​ចង់​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ដែរ។
សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ1495​នៅមុខ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​បាត់​តែ​ម្តង។ ខណៈ​ដែល​ដឹងថា​បាត់​​ម៉ូតូ​ក៏​នាំគ្នា​ផ្អើល​ឆោឡោ​ឡើង ពេលនោះ​មាន​អ្នកជិតខាង ប្រាប់​ថា​ឃើញ​បុរស​ម្នាក់​អូស​ម៉ូតូ​នោះ​ចូល​ទៅមុខ​បន្ទប់​ជួល​របស់​នាង វ៉ា​ផល្លី​ហៅ​ស្រី​ពៅ។ ក្រោយមក​ជនរងគ្រោះ​ក៏​ប្ដឹង​សមត្ថកិច្ច​ចុះ​ឆែកឆេរ​បន្ទប់​ជួល​​ ក៏​ឃើញ​ម៉ូតូ​ជនរងគ្រោះ​មែន​​ ប៉ុន្តែ​បុរស​សង្ស័យ​ដឹងខ្លួន​បាន​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​ខារ៉ាអូខេ​នោះ​បញ្ជូន​ទៅ​​ប៉ុស្តិ៍​ព្រែកលៀប​ដើម្បី​ធ្វើការ​សាកសួរ។
សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ ដោយសារតែ​ម៉ូតូ​ជាប់​តេ​ឡេ​បញ្ជា​ដេរ​ មិន​ឆេះ​ទើប​ជនសង្ស័យ​បណ្ដើរ​ចម្ងាយ​១០០​ម៉ែត្រ​ទៅ​ផ្ញើ​នៅ​ទីនោះ​ ព្រោះ​សោ​ក​ត្រូវ​កាច់​ខ្ទេច​រួច​ហើយ កុំ​អី​ចោរ​ជិះ​ទៅ​បាត់។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​នោះ​បាន​និយាយ​ថា មាន​បុរស​ម្នាក់​ឈ្មោះ​តយ ដែល​ធ្លាប់​ស្គាល់​គ្នា​នៅ​ការ​ខារ៉ាអូខេ​បាន​យក​ម៉ូតូ​មក​ផ្ញើ​មុខ​បន្ទប់​ ហើយ​និយាយ​ថា​ខ្លួន​នៅ​ផឹក​ស្រា​ក្បែរ​ហ្នឹង​ រួច​ក៏​ដើរចេញ​បាត់​តែម្តង។
បច្ចុប្បន្ន​នារី​សង្ស័យ​ដែល​ឃាត់ខ្លួន​សួរនាំ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​ទៅ​ផ្ទះ​វិញ​ព្រោះតែ​មិន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទេ៕

Post a Comment

0 Comments

Close Menu