បន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយចេកក្រោយពីមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីថ្មក្រោមឈើលើ ខ្ទេចគ្មានសល់កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិតាវឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា បណ្ដាលមកពីម្ចាស់មុនចេញពីផ្ទះអុជធូបទុកចោលបង្កឲ្យមានការឆាបឆេះ តែម្ចាស់ផ្ទះនិយាយថា មកពីទុរសេ្សខ្សែភ្លើង។
លោក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៨ម៉ែត្រគុណនិង៩ម៉ែត្រធ្វើអំពីឈើលើថ្ម ក្រោមដំបូលប្រក់ស័ង្កសីមានម្ចាស់ផ្ទះឈ្មោះ ញ៉ូង យី អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ពឿង មាលា។
លោកបន្តទៀតថា បន្ទាប់ពីភ្លើងឆេះភ្លាមប្រជាពលរដ្ឋនិងសមត្ថកិច្ចរបស់លោកបានមកជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គីភ័យពីស្នងការដែរ តែមិនអាចគ្រប់គ្រងស្ថានភាពនេះបានទេ ព្រោះភ្លើងបានឆាបឆេះសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ បណ្ដាលឲ្យឆេះផ្នែកខាងលើខ្ទេចគ្មានសល់ សល់តែសសរថ្មខាងក្រោមតែប៉ុណ្ណោះ។ ចំណែករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចេញមកជួយអន្តរាគមន៍មិនទាន់ឡើយ។
ជាមួយនឹងការសន្និដ្ឋានរបស់ប៉ូលិស ម្ចាស់ផ្ទះបានរៀបរាប់ថាវាមិនមកពីការអុជធូបឆេះនោះទេ ព្រោះមុនចេញពីផ្ទះកន្លះម៉ោងបានអុជធូបបួងសួងសូមឲ្យលក់ស្រូវដាច់និងទាលុយគេបាន។ហើយការឆេះនេះម្ចាស់ផ្ទះថាមកពីទុរស្សេខ្សែភ្លើង។
ទោះបីជាឆេះដោយរបៀបណាក៏ដោយ ហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយនៅពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀត៕
អ ពៅ





0 Comments