ប្រធានាធិបតីរបស់ប្រទេសយេម៉ែន លោក អាមេដរ៉ាប់ប៊ូម៉ាន់សួរហាឌី (Man Sour Hadi) បានសម្ដែងការត្រៀមខ្លួនដើម្បីទទួលយកការទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ និងការចែករំលែកអំណាចជាមួយពួកឧទ្ទាមហូធីស ដែលបានដណ្ដើមកាន់កាប់ទីតាំងទាំងឡាយនៅខាងក្រៅគេហដ្ឋានរបស់លោក ក្រោយពីធ្វើឲ្យឆ្មាំរបស់លោកបរាជ័យនៅក្នុងការប្រយុទ្ធគ្នាពីរថ្ងៃមក។
បណ្ដាប្រទេសជិតខាងឈូងសមុទ្របានបរិហារពីអ្វីដែលពួកគេបានចាត់ទុកថាជារដ្ឋប្រហារមួយនៅក្នុងប្រទេសយេម៉ែន ទោះបីជាទាំងពួកឧទ្ទាមហូធីស និងពួកសម្ព័ន្ធមិត្តខ្លះរបស់លោកប្រធានាធិបតីបានបដិសេធថា លោកមិនត្រូវបានគេផ្ដួលរំលំក៏ដោយ។
ប្រភពព័ត៌មានមួយស្និទ្ធនឹងប្រធានាធិបតីនិយាយថា លោក ហាឌី បានជួបជាមួយមន្ត្រីម្នាក់របស់ក្រុមឧទ្ទាមមូស្លីមស៊ីអ៊ីត ហើយបានបដិសេធថា ប្រធានរដ្ឋមិនស្ថិតនៅក្រោមការចាប់ឃុំក្នុងផ្ទះនៅក្នុងគេហដ្ឋានដែលគេឡោមព័ទ្ធតាំងពីព្រឹកព្រលឹមថ្ងៃពុធ ដោយពួកយុទ្ធជនហូធីសទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយនៅពេលល្ងាចលោកហាឌីនិយាយថា ក្រុមមូស្លីមស៊ីអ៊ីតមានសិទ្ធិដើម្បីបម្រើនៅក្នុងមុខតំណែងទាំងឡាយនៅក្នុងស្ថាប័នរដ្ឋទាំងអស់ ហើយរដ្ឋធម្មនុញ្ញពង្រាងមួយគឺជាប្រភពមួយមិនចុះសម្រុងរវាងលោកនិងក្រុមហូធីសនោះ ត្រូវបើកចំហដើម្បីធ្វើវិសោធនកម្ម៕
រឹទ្ធ

0 Comments