Ad Code

ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សង្គម​សេដ្ឋកិច្ចជាតិ ការ​យល់ដឹង​ពី​យេនឌ័រ​គឺ​មាន​សុភមង្គល​ក្នុង​គ្រួសារ ​និង​ក្នុង​សង្គមជាតិ​


កំពង់ឆ្នាំង ៖ «​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សង្គម​សេដ្ឋកិច្ចជាតិ យល់ដឹង​ពី​យេនឌ័រ​គឺ​មាន​សុភមង្គល​ក្នុង​គ្រួសារ និង​ក្នុង​សង្គមជាតិ​» ​នេះ​ជា​ការ​លើកឡើង​របស់​លោក​ជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ជា​គណៈអធិបតី​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៥ ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ដែល​មាន​ការចូលរួម​ពី​លោក​ជំទាវ ដោក សុធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត។​

នៅ​ក្នុង​ពិធី​នេះ​លោកស្រី អ៊ិត នឿន អនុប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​បាន​រាយការណ៍​អំពី​លទ្ធផល​រយៈពេល​៥​ឆ្នាំ​របស់​មន្ទីរ​កិច្ចការ​នារី​ខេត្ត​បាន​ឲ្យ​​ដឹង​ថា បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​សិស្ស​ស្រីៗ បាន​ចំនួន​១.០៤៨​នាក់​ឲ្យ​មាន​ជំនាញ​កាត់ដេរ អ៊ុតសក់ សំអាងការ និង ​តម្បាញ ដើម្បី​លើកស្ទួយ​ជីវភាព​ក្នុង​គ្រួសារ។​

បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ស្ត្រី​ទៅ​ពិនិត្យ​ផ្ទៃពោះ​និង​សម្រាលកូន​ក្នុង​មណ្ឌល​សុខភាព​បាន​ចំនួន​២០១​លើក មាន​អ្នកចូលរួម​៩.៥៦២​នាក់ (​ស្រី​៥.៩០៣​នាក់​) បាន​រៀបចំ​វេទិកា យុទ្ធនាការ​បុរស​ល្អ​ដល់​ប្រជាពលរដ្ឋ​៤​ស្រុក ចូលរួម​៧២៥​នាក់ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ផ្នែក​យេនឌ័រ។

ការ​រៀបចំ​វេទិកា​សន្ទនា​សហគមន៍​គឺ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ មេភូមិ ប៉ុស្តិ៍​នគរបាល អធិការ​ស្រុក​ កងរាជអាវុធហត្ថ​ស្រុក​បាន​ចំនួន​១៣​លើក មាន​អ្នកចូលរួម​២.៣១៧​នាក់។ កិច្ច​អន្តរាគមន៍​បាន​ផ្តល់​ប្រឹក្សា​សម្រុះសម្រួល​និង​ជួយ​សរសេរ​ពាក្យបណ្ដឹង​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​៦២​នាក់ និង​ស្ត្រី​រងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ​ចំនួន​២៦​នាក់​ដាក់​ជូន​តុលាការ និង​បាន​រាយការណ៍​នូវ​លទ្ធផល​ការងារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

លោកស្រី ឈុំ ចាន់​សុខ ជា​អនុប្រធាន​មន្ទីរ​​ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ថា ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ផ្តល់​នូវ​ទំនុកចិត្ត​របស់​លោក​ជំទាវ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី លោកជំទាវ​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត ក្នុងនាម​លោកស្រី​ដែល​បាន​ឡើងជា​ប្រធាន​មន្ទីរ​នៅពេល​នេះ​ សូម​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​នឹង​គោរព​ ហើយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​អំពី​ច្បាប់​ព្រះរាជក្រឹត្យ សារាចរ និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល។ ខិតខំ​ពង្រឹងសមត្ថភាព រៀន​សូត្រ​នូវ​បទពិសោធន៍​ល្អៗ​ពី​រៀមច្បង ជា​ទុន​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។​

លោកជំទាវ ដោក សុធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មានបាន​ផ្តាំផ្ញើ​ដល់​លោ​ស្រី​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ថ្មី​ថា ត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល និង​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល។ មន្ត្រី​ត្រូវ​អនុវត្ត​ការងារ​តាម​ឋានានុក្រម គោរព​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​វិធា​នានា គោរព​វិន័យ​ការងារ និង​បទបញ្ជា​ផ្ទៃក្នុង​មាន​របប​ការងារ​ត្រឹម​ត្រូវ របប​ប្រជុំ របប​រាយការណ៍​រក្សា​ឲ្យ​បាន​សាមគ្គី​ភាពល្អ ដឹង​សុខទុក្ខ​គ្នា​ទៅវិញទៅមក។​

នៅក្នុង​ឱកាស​នេះ​ដែរ ​លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើការ​លើក​ឡើង​ថា ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សង្គម​សេដ្ឋកិច្ចជាតិ ការ​យល់​ដឹង​ពី​យេនឌ័រ​គឺ​មាន​សុភមង្គល​នៅក្នុង​គ្រួសារ​ និង​ក្នុង​សង្គមជាតិ។ ទស្សនៈ​សង្គម​ពី​ដើម​ថា​ស្ត្រី​ជា​អ្នក​ទន់ខ្សោយ​ជា​ជន​ងាយ​រងគ្រោះ ចំណែក​បុរស​មាន​ដើមទ្រូង​៥​ហត្ថ​ជា​មាស​ទឹកដប់ ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ​ ទស្សនៈ​សង្គម​នៅ​លើ​ពិភពលោក​គឺ​ស្ត្រី​បាន​ទាមទារ​សិទ្ធិ​ស្មើ​នឹង​បុរស​ដែរ។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​គោល​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក៏បាន​គាំទ្រ​ឲ្យ​ស្ត្រី​មាន​តួនាទី​ដឹកនាំ​ដូច​បុរស​ដែរ ព្រោះថា​អ្វី​ដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​ធ្វើ​បាន​ដូចគ្នា​ដែរ។ កន្លងមក​មាន​ស្ត្រី​មួយចំនួន​បាន​កាន់​តួនាទី​ធំៗ​ក្នុង​រាជ​រដ្ឋាភិបាល​មាន​ដូចជា ​ធ្វើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរង​ខេត្ត អភិបាលរងក្រុង ស្រុក ធ្វើ​មេឃុំ​ផង​ដែរ។ ជាក់ស្តែង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ពេលនេះ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏​ជា​ស្ត្រី ហើយ​ប្រធាន​មន្ទីរ​២​នាក់​ក៏​ជា​ស្ត្រី​ក្នុងចំណោម​មន្ទីរ​២៨។ ប៉ុន្តែ​បញ្ហា​នេះ​ក៏​នៅ​មាន​វិសមភាព​ស្ត្រី​នៅឡើយ​ដែល​សាមី​មន្ទីរ​ក្រសួង​គួរតែ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការ​ដឹកនាំ​ឲ្យ​មាន​សមភាព​ជាមួយ​បុរស៕

ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu